(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នើឱ្យមន្ត្រីជំនាញខិតខំពង្រឹងការត្រួតពិនិត្យទំនិញ តាមបញ្ញើប្រៃសណីយ៍បន្ថែមទៀត ខណៈក្រុមឧក្រិដ្ឋជនគ្រឿងញៀន ប្រើល្បិចគ្រប់បែបយ៉ាង ដើម្បីចរាចរណ៍គ្រឿងញៀនឆ្លងដែន តាមរយៈរូបភាពបញ្ញើទំនិញ ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ-១៩។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីលទ្ធផលត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានស្នើយ៉ាងដូច្នេះថា «ឥឡូវប្រៃសណីយ៍ហ្នឹងជាចំណុចស្នូលមួយ ដែលវាផ្ញើទំនិញ ប៉ុន្មានថ្ងៃនេះ ចាប់បានប៉ុន្មានករណីទៀត ដែលបម្រុងផ្ញើទៅហ្វីលីពីន ដែលក្រុមឧក្រិដ្ឋជនរៀបចំជាកញ្ចប់។ អីចឹងត្រូវពង្រឹងការត្រួតពិនិត្យកញ្ចប់ប្រៃសណីយ៍នេះ សំខាន់ណាស់ក្នុងសម័យកូវីដ-១៩»។

ជាមួយគ្នានេះដែរ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា ករណីបញ្ញើទំនិញតាមប្រៃសណីយ៍នេះ បានធ្វើឱ្យក្រុមឧក្រិដ្ឋជនគ្រឿងញៀនមួយចំនួន បានរួចផុតពីការចាប់ខ្លួនរបស់សមត្ថកិច្ច ដោយពួកនេះបានប្រើល្បិចគ្រប់បែបយ៉ាង ដើម្បីចៀសផុតពីភ្នែករបស់សមត្ថកិច្ចជំនាញ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក្តីសមត្ថកិច្ចកម្ពុជា បានបង្ក្រាបយ៉ាងសស្រាក់សស្រាំ ចំពោះក្រុមឧក្រិដ្ឋជននេះ បានទាន់ពេលវេលាទាំងបញ្ញើឆ្លងដែន និងបញ្ញើចូលក្នុងប្រទេសកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា ទោះបីជាមានលទ្ធផលគួរជាទីមោទនៈដូចនេះក្តី ក៏សភាពការគ្រឿងទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ និងក្នុងតំបន់នៅតែបង្ហាញថា តម្រូវការគ្រឿងញៀននៅតែមានកំណើនខ្ពស់ ពិសេសទីផ្សារគ្រឿងញៀនកាន់តែរីកធំជាងមុន រួមទាំងការចរាចរសារធាតុគីមីផ្សំគ្រឿងញៀន ក្នុងចំនួនដ៏ច្រើនលើសលប់ ដោយមិនមានការត្រួតពិនិត្យឱ្យបានដិតដល់ ក៏ដូចជាការរីលរាលដាលគួរឱ្យព្រួយបារម្ភ នូវការប្រើប្រាស់សារធាតុគ្រឿងញៀនប្រភេទថ្មី ដែលប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានបង្ហាញពីក្តីព្រួយបារម្ភ ចំពោះស្ថានភាពដែលការផលិតចរាចរគ្រឿងញៀនលើពិភពលោក និងក្នុងតំបន់នៅតែមានការប្រៃប្រួលកើនឡើងឥតឈប់ឈរ ល្បិចកលលួចលាក់ធ្វើសកម្មភាពរបស់ក្រុមឧក្រិដ្ឋជន កាន់តែស្មុគស្មាញ ធ្វើឱ្យប្រទេសកម្ពុជា នៅតែបន្តទទួលរងនូវឥទ្ធិពលដ៏អាក្រក់ និងការគំរាមកំហែងពីការចរាចរឆ្លងកាត់ និងហូរចូលគ្រឿងញៀន ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើតាមប្រៃសណីយ៍ រួមទាំងការប៉ុនប៉ងផលិតកែច្នៃគ្រឿងញៀន និងការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀនពីទីប្រជុំជន ដល់តំបន់ដាច់ស្រយ៉ាល។

ឧបនាយករដ្ឋមន្ត្រី ក៏បានឱ្យដឹងយ៉ាងដូច្នេះថា «ទាំងអស់នេះ បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា បើទោះបីជាយើងបានខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏យើងនៅតែបន្ដប្រឈមនឹងបញ្ហាជាសត្យានុម័ត និងថ្មីៗថែមទៀត ដែលទាមទារឱ្យយើងត្រូវខិតខំប្រឹងប្រែងជាបន្ដទៀត»។

តាមរបាយការណ៍របស់អាជ្ញាធរគ្រឿងញៀន បានឱ្យដឹងថា យ៉ាងដូច្នេះថា៖

* នៅក្នុងឆមាសទី១ ឆ្នាំ២០២០ មន្ត្រីជំនាញបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ៥,៤៦៣ករណី (បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន ៤,១៧៥ករណី) កើនលើស ១,២៨៨ករណី ស្មើនឹង៣០.៨៥ភាគរយ។

* ជនសង្ស័យសរុបចំនួន ១០,៨៧៧នាក់ ក្នុងនោះមានស្ត្រីចំនួន ៦៨៧នាក់ (ធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន ៨,៨១១នាក់) កើនលើស ១,៩៦៦នាក់ ស្មើនឹង២២.០៦ភាគរយ ក្នុងនោះមានជនជាតិខ្មែរ ១០,៧០០នាក់ ស្ត្រី៦៦៤នាក់ និងជនជាតិបរទេស ១៧៧នាក់ ស្ត្រី២៣នាក់ ស្មើនឹង១៥ជនជាតិ។

* គ្រឿងញៀនសរុបចំនួន ២១៦គីឡូក្រាម និង៩៧៧,៧២ក្រាម ធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន ៣៤១គីឡូ ៩៧៤,៤៧ក្រាម ថយចុះ ៨០គីឡូ ០៩៦,៧៥ក្រាម ស្មើនឹង២៣.៤៣ភាគរយ៕