(ព្រះសីហនុ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងក្រើនរំលឹកដល់មន្រ្តីអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងដើម្បីជាឧត្តមប្រយោជន៍ដល់សង្គមជាតិយើងទាំងមូល។

ការថ្លែងរបស់លោករដ្ឋមន្ត្រីធ្វើឡើងក្នុងឱកាសក្នុងពិធីដុតបំផ្លាញគ្រឿងញៀន ដែលបានប្រារព្ធធ្វើឡើងនៅលើទឹកដីខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី ២៦ មិថុនា នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។

លោករដ្ឋមន្ត្រី បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញា មន្ត្រីតុលាការ មន្ត្រីនគរបាលយុតិ្តធម៌ របស់ខេត្តទាំង៤ ក៏ដូចជាស្ថាប័នអនុវត្តច្បាប់និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការ ពុះពារយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានរបស់ខ្លួនឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ នាពេលកន្លងមក។

បន្ថែមពីនេះទៀត លោករដ្ឋមន្រ្តី បានរំលឹកជូនអង្គពិធីនូវខ្លឹមសារនៃសារលិខិតមួយច្បាប់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ផ្ញើជូនជនរួមជាតិនៅក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅកម្ពុជា ដែលក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «អ្នកញៀនគ្រឿងញៀនដែលជាជនរងគ្រោះពិតប្រាកដ ត្រូវបានយកចិត្តទុកដាក់ ដោះស្រាយ និងជួយសង្គ្រោះឱ្យបានសមស្រប ប៉ុន្តែឧក្រិដ្ឋជន និងជនលើ្មសពាក់ព័ន្ធនឹងការផលិត ការកែច្នៃ ការរក្សាទុក ការជួញដូរ និងការចរាចរគ្រឿងញៀនខុសច្បាប់ គឺត្រូវតែបានផ្តទ្ទាទោសយ៉ាងតឹងរឹងទៅតាមនីតិវិធីនៃច្បាប់»

យោងតាមរបាយការណ៍របស់លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងជាតំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកំពត គ្រឿងញៀនដែលបានដុតបំផ្លាញនៅក្នុងពិធីនេះ មានចំនួន ៥១.៨១ គីឡូក្រាម ដែលក្នុងនោះរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ២៣,៣៥៥.៣ ក្រាម, ប្រភេទមេតំហ្វេតាមីន (WY) ជាគ្រាប់ចំនួន ១,២០៩គ្រាប់ និងជាម្សៅសុទ្ធទម្ងន់ ២៧,៥២២.៥៤ក្រាម, ប្រភេទកេតាមីនចំរុះ ទម្ងន់ ៦៤៧.៦៣ក្រាម, ប្រភេទអ៊ិចស្តាស៊ីល ទម្ងន់ ១៨៥.១១ក្រាម និងគ្រឿងញៀនជាច្រើនប្រភេទទៀត ដែលបានមកពីការបង្រ្កាបក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេលពេញមួយឆ្នាំ ក្នុងភូមិសាស្ត្រខេត្តចំនួន៤ គឺ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ចេញជាលើកដំបូងនៅឆ្នាំ២០១៧ និងត្រូវបានអនុវត្តប្រកបដោយលទ្ធផលជោគជ័យ និងទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋាន ហើយមកដល់បច្ចុប្បន្ន យុទ្ធនាការដ៏មានសារៈសំខាន់នេះ ត្រូវបានអនុវត្តជាបន្តបន្ទាប់ បានចំនួន ៥លើក។ ជាលទ្ធផល មានបទល្មើសគ្រឿងញៀនសរុបប្រមាណ ៣១.៧៧១ ករណីត្រូវបានបង្រ្កាប, ក្នុងនោះជនសង្ស័យជាង ៦៦.០១២ នាក់ ត្រូវបានចាប់ឃាត់ខ្លួន និងគ្រឿងញៀនគ្រប់ប្រភេទសរុបជាង ១.៨៦៨ គីទ្បូក្រាម ត្រូវបានរឹបអូស៕