(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីជូនដំណឹងនេះ បានឲ្យដឹងថា ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១៥) ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងដល់កម្មករនិយោជិតចំនួន ៧២៧៧នាក់ នៃរោងចក្រ សហគ្រាស ទាំង៧ នៃវិស័យកាត់ដេរ (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលត្រូវបានការព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី១ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលជ្រាបថា ធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាស នាពេលកន្លងមក។
ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្រោយការបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញទន់ ក្នុងនោះចំនួន៖
* ១៥៣ ៩០០រៀល (៣៨ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ២១ថ្ងៃ ដល់ ៤៤ថ្ងៃ
* ៣០៧ ៨០០រៀល (៧៦ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៥១ថ្ងៃ ឡើងទៅ។
ក្រសួងបានរំឮកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាកម្មករនិយោជិតខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ កម្មករនិយោជិតត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ ភ្នាក់ងារវីងដែលនៅជិតបំផុត។
សូមបញ្ជាក់ថា កម្មករនិយោជិតមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ ឧបត្ថម្ភនេះ។ ក្នុងករណីកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង៧ នេះ មិនបានទទួលសារ ទូរសព្ទពីធនាគារឯកទេសវីង នោះសូមទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន។ ក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មកររោងចក្រ សហគ្រាសដទៃផ្សេង ទៀតអំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេសកម្មករនិយោជិតជ្រាបជាព័ត៌មាន និងសូមរួសរាន់ទំនាក់ទំនងបើកប្រាក់ឧបត្ថម្ភនេះ នៅតាមភ្នាក់ងារវីងនានា ដែលនៅជិតបំផុតឱ្យបានទាន់ពេលវេលា៕