(កំពង់ធំ)៖ យ៉ាងហោចណាស់ មានផ្លូវក្រាលកៅស៊ូថ្មីចំនួន ៣ខ្សែ ត្រូវបានស្ថាបនាពីផ្លូវជាតិលេខ៦ ទៅឃុំពពក ដែលស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
លោក ណែត សារី អភិបាលស្រុកស្ទោង បានឲ្យដឹងថា ខេត្តកំពង់ធំក្រោមការដឹកនាំរបស់លោក សុខ លូ អភិបាលខេត្ត ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងគម្រោងមូនិធិរបស់ស្រុក បានស្ថាបនាផ្លូវសំខាន់ៗចំនួន ៣ខ្សែ។
ផ្លូវទាំង ៣ខ្សែនោះ រួមមាន៖
* ខ្សែទី១ (ផ្លូវលេខ២៦៤G) ចាប់ពីផ្លូវជាតិលេខ៦ ទៅកាន់ទីប្រជុំជនឃុំពពកមានប្រវែង ១៩ គីឡូម៉ែត្រ
* ខ្សែទី២(ផ្លូវលេខ២៦៤H) ចាប់ពីផ្លូវជាតិលេខ៦ ទៅកាន់ទីប្រជុំជនឃុំពពកមានប្រវែង១៥ គីឡូម៉ែត្រ * ខ្សែទី៣ (ផ្លូវលេខ២៦៤I) ចាប់ពីផ្លូវជាតិលេខ៦ ពីទីប្រជុំជនឃុំប្រឡាយទៅកាន់ទីប្រជុំជនឃុំពពក មានប្រវែង១៩ គីឡូម៉ែត្រ។
លោកបានបន្តថា ផ្លូវសំខាន់ៗទាំងបីខ្សែនេះ មានទំហំធំ ហើយជាផ្លូវមានសក្តានុពលសេដ្ឋកិច្ច ដែលភ្ជាប់ពីខេត្តសៀមរាបផង និងខេត្តព្រះវិហារផង។ នេះជាមោទនភាពរបស់ស្រុក ក៏ដូចជាសមិទ្ធផលសំខាន់ៗរបស់ស្រុកក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចនាយករដ្ឋមន្ត្រី ក៏ដូចជាការចង្អុលបង្ហាញរបស់អភិបាលខេត្តកំពង់ធំ។
ជាមួយគ្នានោះដែរ លោក ណែត សារី បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាសហការ និងចូលរួមទាំងអស់គ្នា សូមកុំចោលសំរាម ឬកាកសំណល់ផ្សេងៗ នៅលើដងផ្លូវឬនៅមាត់លូ ដែលជាហេតុឲ្យមានការរាំងស្ទះទឹក នៅពេលមានភ្លៀងធ្លាក់ ចាក់ដីខ្ពស់ជាងផ្លូវ និងកុំឲ្យដឹកលើសទម្ងន់។
គួរបញ្ជាក់ថា ឃុំពពកគឺជាឃុំមួយនៅដាច់ស្រយាលដែលមានផ្ទៃដីសរុបចំនួន ៣១៤០៨ ហិចតា ក្នុងនោះផ្ទៃដីបង្កបង្កើនផលមានចំនួន ២៤៧០៦.៩ ហិចតា ក្នុងឃុំពពកមានចំការជាច្រើន ដូចជាចំការកៅស៊ូ ចំការស្វាយ ចំការស្វាយចន្ទីរ ចំការដូងក្រអូប ជាដើម។ ដោយឡែក សម្រាប់ខេត្តសៀមរាប និងខេត្តព្រះវិហារមានវិញ មានចំការដំណាំរាប់ម៉ឺនហិចតា ដែលបានដឹកចេញមកផ្លូវទាំង ៣ខ្សែនេះ៕