(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីប្រកាសតែងតាំង និងចូលកាន់តំណែងមេបញ្ជាការកងរាជអាវុធហត្ថថ្មីខេត្តពោធិ៍សាត់ បន្ទាប់លោកឧត្ដមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការចាស់ បានទទួលមណភាពនាថ្មីៗនេះ។
ពិធីប្រកាសមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ខាងលើនេះ ធ្វើឡើងនៅសាលប្រជុំនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតនៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ម៉ៅ ធនិន អភិបាលខេត្ត មេបញ្ជាការ មេបញ្ជាការង នាយទាហាន និងនាយទាហានរងយ៉ាងច្រើនកុះករ។
យោងប្រកាសលេខ២៦៦ ត.ត/០៧២០ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងការពារជាតិ ត្រូវបានតែងតាំងផ្លាស់ប្តូរមុខតំណែង លោកវរសេនីយ៍ឯក សូ សុវណ្ណឌី អត្តលេខ០០៥១៧៨ មេបញ្ជាការរង និងជានាយសេនាធិការ ជាមេបញ្ជាការបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់។
ដោយឡែកលោកវរសេនីយ៍ទោ ឌុច សម្ភស្ស នាយរងសេនាធិការដ្ឋាន ត្រូវបានតែងតាំងជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់៕