(ព្រៃវែង)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានផ្ដល់ពូជស្រូវសែនក្រអូបចំនួន ២៦,៣៥០គីឡូក្រាម ដល់ប្រជាកសិករចំនួន ៤៤៧ គ្រួសារ ដែលរស់នៅក្នុងឃុំចំនួន៣ គឺឃុំស្ពឺក, ឃុំស្ពឺខ នឹងឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
ការប្រគល់ពូជស្រូវជូនកសិករនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដែលមានការចូលរួមពី លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង និងមានការចូលរួមពីលោក ម៉ៅ អ៊ាង ប្រធានក្រុមប្រឹក្សាស្រុកបាភ្នំ លោក ទេព ភារុន អភិបាលស្រុកបាភ្នំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ទេព ភារុន បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការងារកសិកម្ម បង្កបង្កើនផលដំណាំរបស់ប្រជាពលរដ្ឋតាមសហគមន៍ ធ្វើយ៉ាងណាឱ្យវិស័យកសិកម្មនេះ មានសក្តានុពលខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង។
លោកអភិបាលស្រុក ក៏ស្នើឲ្យកសិករខិតខំផលិតស្រូវឲ្យបានច្រើនប្រភេទដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងប្រទេស និងនៅក្រៅប្រទេសនិងត្រូវបន្តចូលរួមទប់ស្កាត់នូវជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ ដោយមិនត្រូវភ្លេចខ្លួននោះទេ នឹងត្រូវខិតខំផលិតនូវដំណាំកសិកម្ម ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន និងត្រូវចិញ្ចឹមសត្វ មាន មាន់ ទា ត្រី នឹងដាំបន្លែ តាមផ្ទះឲ្យបានគ្រប់ៗគ្នា ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ។
លោក អ៊ុក សំណាង ក៏បានលើកឡើងដែរថា ចំពោះការចែកស្រូវពូជទាំងអស់នេះ មិនអាចបំពេញតម្រូវការរបស់កសិករក៏ពិតមែន ក៏ប៉ុន្តែវាគឺជាការរួមចំណែកមួយ ក្នុងការបង្កើននូវផលិតផលស្បៀង ដែលកសិករបានជូបបញ្ហាខ្វះពូជស្រូវនោះ។ ហើយក៏សំណូមពរដល់ប្រជាកសិករទាំងអស់ ត្រូវបង្កើនការផលិតស្រូវឲ្យបានច្រើនសម្រាប់ផ្គត់ផ្គង់គ្រួសារ និងតម្រូវការទីផ្សារ។
លោកប្រធានមន្ទីរ ក៏បានជំរុញឲ្យប្រជាពលរដ្ឋត្រូវបន្ថែមការចិញ្ចឹមសត្វដូចជា មាន់ ទា ត្រី កង្កែប ជ្រូក ជាដើម នៅតាមផ្ទះដើម្បីបង្កើននូវប្រាក់ចំណូលបន្ថែមក្រៅអំពីការធ្វើស្រែចំការ និងកាត់បន្ថយការនាំចូល ពីក្រៅប្រទេសផងដែរ។
សូមបញ្ជាក់ផងដែរថា ចំពោះស្រូវពូជដែលត្រូវចែកជូនដល់ប្រជាកសិករនេះ ជាប្រភេទពូជស្រូវសែនក្រអូប ដោយត្រូវចែកជូនដល់បងប្អូនកសិករចំនួន ៤៤៧ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន ៥០គីឡូក្រាម៕