(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ និងសហការី បាននាំយកអំណោយទៅប្រគល់ជូនប្អូនប្រុសឈ្មោះ សាម ពិសិដ្ឋ នៅភូមិអូរកន្ធរត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ជាជនពិការជើងទាំងសងខាងអង្គុយលើរទេះរុញថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២០។
ប្អូន សាម ពិសិដ្ឋ បានឲ្យដឹងថា ប្អូនមានអាយុ២០ឆ្នាំ ប្អូនពិការជើងដើរមិនរួចអស់រយៈ៧ឆ្នាំមកហើយ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍គៀបនិងគោយន្តតាំងពីអាយុប្រហែល១០ឆ្នាំ។ ពិសិដ្ឋមានឪពុកឈ្មោះ សួន សាម និងម្តាយឈ្មោះ អេង ហេង។
ដោយមានជីវភាពខ្វះខាតត្រូវឪពុកម្តាយទុកឲ្យនៅម្នាក់ឯងនៅក្នុងខ្ទមតូចកំសត់ មិនមានម្អូបអាហារហូបចុកនោះទេ គឺបានអ្នកជិតខាងសណ្តោសប្រណីប៉ុណ្ណោះ។
ពិសិដ្ឋបន្តថា ដោយសារតែជីវភាពក្រីក្រតម្រូវឲ្យឪពុកម្ដាយរបស់ប្អូនចេញទៅរកស៊ីឆ្ងាយពីស្រុកកំណើត ដោយទុកឲ្យប្អូនរស់នៅតែម្នាក់ឯងមិនបានមើលថែប្អូនបានដិតដល់។
ពិសិដ្ឋបន្តទៀតថា ដំបូងឡើយស្ថានភាពរបស់ប្អូនមានស្ថានភាពធម្មតា អាចដើរបានដល់ពេលយូរៗទៅស្រាប់តែរូបប្អូនមានអារម្មណ៍ថា ពិបាកក្នុងការធ្វើដំណើររហូតធ្វើឲ្យជើងទាំងពីរ គ្មានកម្លាំងទ្រដងខ្លួនដើរបានប៉ុន្តែអាចកំរើកបាននិងលើកចុះឡើងបានតិចតួច។
ជាមួយគ្នានេះ ពិសិដ្ឋបានអំពាវដល់លោកគ្រូពេទ្យទេវតា ជា សុខហេង និងសប្បុរសជនសូមមេត្តាជួយដល់រូបប្អូនផង។ លោក ជា វ៉ាន់ចាន់ បានសោកស្ដាយ និងក្តីអាណិតអាសូរចំពោះប្អូន សា សាម ពិសិដ្ឋ ដែលធ្លាក់ខ្លួនពិការភាព និងមានជីវភាពខ្វះខាត ក្នុងនោះលោកនឹងខិតខំប្រឹងប្រែងជួយរកសប្បុរសជនឲ្យជួយដល់ប្អូនដើម្បីព្យាបាលជំងឺឲ្យបានជាសះស្បើយ។
ក្នុងការចុះសួរសុខទុក្ខសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងខេត្តកំពង់ធំ បាននាំយកនូវអង្ករ ៥០គីឡូក្រាម ត្រីងៀត១គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មី១កេស ត្រីខ១យួរ និង ថវិការមួយចំនួន៕