(តាកែវ)៖ ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាសសម្ដេចអញ្ជើញពិនិត្យវឌ្ឍនភាពនៃការ បង្កបង្កើនផលស្រូវ របស់កសិករនៅស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០, នាព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ័ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេស ទៅពិនិត្យស្ថានភាពផ្លូវចំនួន២ខ្សែ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីធ្វើការសាងសង់ទៅជាផ្លូវក្រាលក្រួសក្រហម។
ផ្លូវទាំង២ខ្សែនោះរួមមាន ៖
* ខ្សែទី១ មានប្រវែង ២,៨០០ម៉ែត្រ ទទឹង៥ម៉ែត្រមានលូដោះទឹកចំនួន៥កន្លែង តភ្ជាប់ពីក្លោងទ្វារវត្តសេដ្ឋី ទៅដល់ភូមិពន្ទង ដែលឆ្លងកាត់ឃុំព្រៃល្វា និងឃុំបានកាម និងភូមិចំនួន២ គឺភូមិព្រៃល្វានិងភូមិពន្ទង។
* ខ្សែទី២មានប្រវែង ៤៨០០ម៉ែត្រ ទទឹងខ្នងលើពី៣ទៅ៦ម៉ែត្រ មានលូដោះទឹកចំនួន៣កន្លែង តភ្ជាប់ពីស្ថានីយបូមទឹកកាស៊ូងភូមិពន្ទង ទៅដល់ស្ទឹងបទ ដោយឆ្លងកាត់ឃុំបានកាម និងឃុំពោធិ៍រំចាកនឹងភូមិចំនួន ២ គឺភូមិពន្ទង និងភូមិគោកអង្គង។
ក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវនេះ បណ្ឌិត អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋក៏ដូចជាបទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានទាន់ពេលវេលាក្រុមអ្នកបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះមកពិនិត្យជាក់ស្ដែង ដើម្បីកំណត់ពេលសាងសង់។
សូមជម្រាបថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយកសិករ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេចបានបង្គាប់ឱ្យលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ធ្វើផ្លូវលំ២ខ្សែ ដែលមួយខ្សែមានប្រវែង ៣,៥គីឡូម៉ែត្រ និងផ្លូវមួយខ្សែទៀតមានប្រវែង ៣គីឡូម៉ែត្រ ដើម្បីងាយស្រួលធ្វើដំណើរ និងដឹកកសិផល។
ការបង្គាប់ឱ្យសាងសង់ផ្លូវលំចំនួន២ខ្សែនេះ បានធ្វើឡើងតាមសំណូមពរជាច្រើនចំណុចរបស់ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកព្រៃកប្បាស ដូចជា ថ្លៃអគ្គិសនី រក្សាតម្លៃស្រូវ សំណូមពរសុំធ្វើផ្លូវ២ខែ្ស ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពួកគាត់ឆ្លងកាត់ពីភូមិមួយ ទៅកាន់ភូមិទៀត ដែលចំណុចនេះពួកគាត់បានជួបប្រទះការលំបាក ក្នុងការធ្វើដំណើរ ក្នុងការដឹកជញ្ជូនកសិផល និងការរារាំងដល់ការធ្វើដំណើររបស់កូនសិស្សទៅសាលារៀន ជាពិសេសនៅក្នុងរដូវវស្សាជាដើម៕