(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានអំពាវនាវដល់គណបក្សនយោបាយ ស្ថាប័នពាក់ព័ន្ធ រួមនិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រួមគ្នាធ្វើឲ្យការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិ ធម៌ ដើម្បីនាំមកនូវស្ថេរភាពនយោបាយ សន្តិភាព និងការអភិវឌ្ឍមួយដ៏ពិតប្រាកដ។
ការថ្លែងអំពាវនាវរបស់លោក កឹម សុខា បានធ្វើឡើងក្នុងឱកាសចុះសំណេះសំណាលជាមួយអ្នកគាំទ្ររបស់ខ្លួន នៅភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ។
លោក កឹម សុខា បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំសូមអំពាវនាវឲ្យគ្រប់ភាគីគណបក្សនយោបាយ ស្ថាប័នពាក់ព័ន្ធទាំងឡាយ និង គ.ជ.ប ផងដែរ សូមធ្វើយ៉ាងណា ឲ្យការបោះឆ្នោតខាងមុខរៀបចំឲ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ពេលនោះអ្នកចាញ់ដឹងចាញ់ អ្នកឈ្នះដឹងឈ្នះ»។
នៅចំពោះមុខអ្នកគាំទ្រ លោក កឹម សុខា ក៏បានបង្ហាញជំហររបស់គណបក្សសង្រ្គោះជាតិផងដែរថា នឹងធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត មិនមានដំណើរទៅរកការធ្វើរដ្ឋប្រហារ បដិវត្ត សង្រ្គាម ឬហិង្សានោះឡើយ៕