(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីលទ្ធផលត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំង២៧ រួមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលធ្វើឡើងនៅសាលប្រជុំក្រសួងមហាផ្ទៃ។
តាមរបាយការណ៍របស់អាជ្ញាធរគ្រឿងញៀន បានឱ្យដឹងថា យ៉ាងដូច្នេះថា៖
* នៅក្នុងឆមាសទី១ ឆ្នាំ២០២០ មន្ត្រីជំនាញបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ៥,៤៦៣ករណី (បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន ៤,១៧៥ករណី) កើនលើស ១,២៨៨ករណី ស្មើនឹង៣០.៨៥ភាគរយ។
* ជនសង្ស័យសរុបចំនួន ១០,៨៧៧នាក់ ក្នុងនោះមានស្ត្រីចំនួន ៦៨៧នាក់ (ធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន ៨,៨១១នាក់) កើនលើស ១,៩៦៦នាក់ ស្មើនឹង២២.០៦ភាគរយ ក្នុងនោះមានជនជាតិខ្មែរ ១០,៧០០នាក់ ស្ត្រី៦៦៤នាក់ និងជនជាតិបរទេស ១៧៧នាក់ ស្ត្រី២៣នាក់ ស្មើនឹង១៥ជនជាតិ។
* គ្រឿងញៀនសរុបចំនួន ២១៦គីឡូក្រាម និង៩៧៧.៧២ក្រាម ធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន ៣៤១គីឡូ ៩៧៤.៤៧ក្រាម ថយចុះ៨០គីឡូ ០៩៦.៧៥ក្រាម ស្មើនឹង២៣.៤៣ភាគរយ៕