(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចំណាយថវិកាជាង៦០០,០០០ដុល្លារអាមេរិក ស្ទើររាល់ឆ្នាំ ដើម្បីជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជា ពីព្រោះការបរិច្ចាគទៅសង្គមវិញ គឺជាផ្នែកមួយនៃទស្សនវិស័យរបស់ក្រុមហ៊ុន ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចជាតិទាំងមូល។
គម្រោងដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជួយជ្រោមជ្រែងវិស័យអប់រំ រួមមានគម្រោង «សាលាស្អាត» ដែលផ្តោតសំខាន់លើការជួសជុលហេដ្ឋារចនាសម្ព័ន្ធសាលារៀន ដើម្បីលើកកម្ពស់បរិយាកាសនៃការសិក្សារបស់សិស្ស, កម្មវិធី «ខ្ញុំឆ្នើម» ដែលជាសិក្ខាសាលាបណ្តុះគំនិតវិជ្ជមាន និងចែករំលែកគន្លឹះក្នុងការត្រៀមខ្លួនចូលសាកលវិទ្យាល័យ, កម្មវិធីជួយឧបត្តម្ភសម្ភារៈសិក្សាដល់សិស្ស និងកម្មវិធីសិក្សាដទៃផ្សេងទៀត។
ក្រៅពីនេះ ក្រុមហ៊ុនក៏ផ្តល់អាហារូបករណ៍ដល់និស្សិតតាមរយៈសមាគមសិស្សនិស្សិត អាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត (អ.ម.ត) និងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។
គួរបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២០ ខ្មែរ ប៊ែវើរីជីស បានរៀបចំកម្មវិធី «ខ្ញុំឆ្នើម» ដល់សិស្សសរុបជិត ៦,០០០នាក់ នៅតាមវិទ្យាល័យក្នុងរាជធានីភ្នំពេញតាំងពីឆ្នាំ២០១៧ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធសាលារៀនបានចំនួន២០ នៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ តាំងពីឆ្នាំ២០១៦៕