(សៀមរាប)៖ ក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប សហការជាមួយតំណាងរដ្ឋបាលក្រុងសៀមរាប និងអធិការដ្ឋានក្រុងសៀមរាប នាយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានចុះផ្អាកសកម្មភាពទីតាំងខារ៉ាអូខេ (KTV) ៣កន្លែងដែលបានលួចបើកធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត។
ក្រុមការងារមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថាទីតាំងទាំង ៣កន្លែងនោះមាន៖ ខារ៉ាអូខេ ម៉ាយ វ៉យ My Voice KTV, ខារ៉ាអូខេ ពន្លឺ គ្រួសារ Ponleu Krousar KTV, ខារ៉ាអូខេ សំនៀងគ្រួសារ Samnieng Krousar KTV ដែលមានទីតាំងស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលមិនមានច្បាប់អនុញ្ញាតអាជីវកម្ម និងលួចបើកអាជីវកម្មល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងដំណាក់កាលនៃការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវី១៩។
ក្រុមការងារចម្រុះ បានធ្វើកំណត់ហេតុ និងណែនាំឱ្យម្ចាស់អាជីវកម្មឲ្យផ្អាកអាជីវកម្មរបស់ខ្លួន និងដាក់ពាក្យស្នើសុំច្បាប់ឲ្យបានត្រឹមត្រូវ ហើយរង់ចាំការណែនាំរបស់ រាជរដ្ឋាភិបាលជាថ្មី ទើបអាចបើកដំណើរការអាជីវកម្មបានវិញ៕