(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានណែនាំឲ្យក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ បង្កើនការរៀបចំកែលម្អកែលម្អអនាម័យ និងពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងការប្រមូលចំណូល។
ការណែនាំយ៉ាងដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី២ លើកទី ៣ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា កិច្ចប្រជុំ បានពិភាក្សាលើរបៀបវារៈ និងអនុម័តធ្វើការវាយតម្លៃ ដូចខាងក្រោម៖
១៖ អង្គប្រជុំ បានវាយតម្លៃខ្ពស់ លើការគ្រប់គ្រងរបស់គ្រឹះស្ថាន ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០, គ្រឹះស្ថានអង្គរបានលក់បណ្ណជូនភ្ញៀវទេសចរអន្តរជាតិ ចំនួន៣៨៧,៨៤០នាក់ ទទួលបានចំណូល២០លានដុល្លារ, បណ្ណរយៈពេលវែងចំនួន២២៦នាក់ ស្មើនឹង៤៤,១៥០ដុល្លារ, ភ្ញៀវកោះកែរមានចំនួន ៨,៥៤៤នាក់ ទទួលចំណូលបាន៨៥,៤៤០ដុល្លារ។
លើចំណូលសរុបចំនួន២០.១លានដុល្លារអាមេរិក, ចំណូលបានបង់ចូលថវិកាជាតិក្នុងឆមាសទី១ គិតជាប្រាក់រៀលចំនួន៧៧.១ពាន់លានរៀល ដែលស្មើនឹង១៦% នៃផែនការ ។
ផ្អែកលើលទ្ធផលជាទីមោទនៈនេះ, អង្គប្រជុំបានវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំគ្រឹះស្ថានអង្គរ និងក្រុមប្រឹក្សា-ភិបាលគ្រឹះស្ថាន ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារ និងភារកិច្ចបានល្អ ព្រមទាំងបានណែនាំផងដែរ ដល់ថ្នាក់ដឹកនាំគ្រឹះស្ថាន និងក្រុមប្រឹក្សាភិបាល ឲ្យបន្តការយកចិត្តទុកដាក់ លើការងារគ្រប់គ្រងប្រមូលចំណូល ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ឲ្យកាន់តែល្អប្រសើរថែមទៀត ក៏ដូចជាធានាបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ចំពោះក្រសួងអាណាព្យាបាលទាំងពីរ ។
២៖ ក្នុងការបង្កើនប្រសិទ្ធភាព នៃការលក់បណ្ណទស្សនារយៈពេលវែង ឲ្យកាន់តែប្រសើរឡើងថែមទៀត, គ្រឹះស្ថានអង្គរ បានអនុវត្តការទិញបណ្ណ ដោយមិនចាំបាច់មានការរង់ចាំយូរ គឺត្រឹមតែតម្រូវឲ្យមានលិខិតឆ្លងដែន និងទិដ្ឋាការរយៈពេលវែងប៉ុណ្ណោះ។
៣៖ បន្ថែមលើនេះ, នៅក្នុងឆ្នាំ ២០២០, គ្រឹះស្ថានអង្គរ ក៏បានពង្រឹងការផ្តល់សេវាបង្គន់អនាម័យ ដោយបានជួសជុលបន្ទប់ទឹកចំនួន៧ទីតាំង, កែលម្អរប៉ុស្តិ៍ត្រួតពិនិត្យចំនួន៥ទីតាំង, កែលម្អរបញ្ជរលក់បណ្ណ និងសាងសង់ឃ្លាំងដាក់សម្ភារ និងរថយន្តបូមលូ។
៤៖ ឆ្លើយតបនឹងការយកចិត្តទុកដាក់ និងការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់មន្ទីរពេទ្យគន្ធបុប្ផា, ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០នេះ, គ្រឹះស្ថានបានឧបត្ថម្ភមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផា មានទឹកប្រាក់ចំនួន៧៧៥ពាន់ដុល្លារអាមេរិក។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំគ្រឹះស្ថាន ឲ្យបង្កើនការរៀបចំកែលម្អបង្គន់អនាម័យ ក្នុងតំបន់រមណីយដ្ឋានអង្គរ ឲ្យកាន់តែប្រសើរថែមទៀត និងបន្តពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងការប្រមូល ចំណូលពីការលក់បណ្ណ ពង្រឹងការត្រួតពិនិត្យបណ្ណ ឲ្យបានកាន់តែសកម្ម និងមានប្រសិទ្ធិភាពថែមទៀត៕