(ភ្នំពេញ)៖ តាមបណ្ដោយផ្លូវបេតុងខាងក្រោយវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) នៅឈាងខាងលិចប្រឡាយអូរវែង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ និងស្ថិតនៅតាមផ្លូវបេតុងខាងក្រោយ ផ្សារច្រាំងចំរេះ និងផ្លូវបេតុង (ដើមចារ) ក្នុងសង្កាត់ច្រាំងចំរេះទី២ ដែលមានទៅដោយកាកសំណល់សំរាម ជាមួយព្រៃដុះឡើងទ្រុបមិនគួរគយគន់ ពេលនេះឃើញថាចាប់ផ្ដើមមានសោភ័ណ្ឌភាពល្អប្រសើរឡើងវិញ បន្ទាប់ពីលោក ជា ពីសី អភិបាលខណ្ឌឫស្សីកែវ បញ្ជាឲ្យកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ក្រោមកិច្ចសហការជាមួយភ្នាក់ងារអនាម័យតាមសង្កាត់ ចុះកាប់ឆ្កា និងធ្វើអនាម័យសំអាត តាំងពីថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០២០នេះ។

សកម្មភាពសម្អាតបរិស្ថាននេះ ត្រូវបានលោក ជា ពិសី បន្តជំរុញដើម្បីរក្សាបាននូវសោភ័ណ្ឌភាព ក៏ដូចជាសុវត្ថិភាពរយៈពេល២ថ្ងៃជាប់គ្នាមកហើយ ដែលចុះរៀបចំដោយ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងភ្នាក់ងារឃ្លាំមើលសំរាមតាមសង្កាត់ បាននាំគ្នាធ្វើអនាម័យកាប់ឆ្កាព្រៃប្រមូលរាល់កាកសំណល់សំរាមនានា ក្រៅពីការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ឲ្យមានរបៀបរៀបរយ ទាំងធ្វើចរាចរសម្រួលតាមដងផ្លូវ និងជួសជុល លាងសម្អាតផ្លូវ ជូនប្រជាពលរដ្ឋរស់នៅធ្វើដំណើរដោយសុខដុមរម្យនា។

ការជំរុញរបស់លោក ជា ពិសី ជាបន្តបន្ទាប់នេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែ អំពីអនាម័យមានសារសំខាន់ណាស់ សម្រាប់សុខភាពប្រជាពលរដ្ឋរស់នៅ ជាពិសេសសម្រាប់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ សំដៅលើការបោះចោលសំរាម ទាំងគ្មាន សណ្ដាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជានៅតាមមុខលំនៅដ្ឋាននានា គឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ និងណែនាំឲ្យប្រជាពលរដ្ឋមានការចូលរួមបំពេញ កាតព្វកិច្ចរបស់ខ្លួន ដោយធ្វើការវេចខ្ចប់សំរាមដាក់ស្បោងប្លាស្ទិកឲ្យបានត្រឹមត្រូវ ក្នុងការរក្សាអនាម័យ និងលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង។

លើសពីនេះ លោក ជា ពិសី ក៏បានលើកឡើងថា ដើម្បីជំរុញបញ្ហាកាកសំណល់សំរាម គឺចាំបាច់ណាស់ត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋទាំងអស់ ក្នុងពេលយកសំរាមទៅ បោះចោលនៅតាមដងផ្លូវ ឬទីសាធារណៈ និងមានវិធានការផាកពិន័យ ប៉ុន្តែវិធានការផាកពិន័យ នោះពុំសូវទទួលបានលទ្ធផល ល្អប្រសើរឡើយ សំខាន់ផ្ដើមចេញពីការផ្សព្វផ្សាយអប់រំឲ្យប្រជាពលរដ្ឋ ចូលរួមសហការ ទើបទទួលបានលទ្ធផលល្អប្រសើរ ក្នុងចលនាប្រឡងប្រណាំង ទីក្រុងស្អាត សេវាកម្មល្អ អនាម័យល្អ និងមានខ្យល់អាកាសបរិសុទ្ធ ផ្តើមចេញពីពួកយើងទាំងអស់គ្នា៕