(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែមិថុនា ឆ្នាំ២០២០ ក្រោយរកឃើញថា ប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម ឲ្យបានទាន់ពេលវេលានៅឡើយ។
ក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ដែលពុំទាន់បានទូទាត់បំណុលសរុប ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រដ្ឋបាលរាជធានីភ្នំពេញ នឹងចេញលិខិតអញ្ជើញរំលឹកជាថ្មីម្ដងទៀត ឲ្យទូទាត់បំណុលរួម។
ប្រសិនបើនៅតែមិនព្រមបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖
* ទី១៖ បញ្ចេញបញ្ជីឈ្មោះ ជាសាធារណៈតាមបណ្ដាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា
* ទី២៖ កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្ដោះអាសន្ន
* ទី៣៖ អនុវត្តវិធានការផ្សេងៗ ទៀតតាមការចាំបាច់៕