ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តតាកែវ បន្ដបិទដដែលដើម្បីការពារជំងឺកូវីដ-១៩ តែទំនិញនៅចរាចរដូចធម្មតា (Video inside)
23-07-2020 15:32
(ភ្នំពេញ)៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានឲ្យដឹងថា ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្ដ្រខេត្តតាកែវ នៅបន្ដបិទដដែលដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុន្ដែការដោះដូរទំនិញរវាងអាជីវករកម្ពុជា ជាមួយវៀតណាម នៅរក្សាដដែលគ្រាន់តែបង្កើនវិធានការការពារ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តតាកែវ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ លោក អ៊ូច ភា បានអះអាងថា ការដោះដូរទំនិញនេះទៀតសោទ ត្រូវបានធ្វើឡើងជាមួយវិធានការសុខាភិបាល ជាប់ជាប្រចាំ ដោយប្រើប្រាស់ថ្នាំបាញ់សម្លាប់មេរោគជាដើម។
លោក អ៊ូច ភា បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធស្ថានភាពព្រំដែនមកដល់ពេលនេះ ខាងភាគីវៀតណាម មិនទាន់បានបើកព្រំដែននៅឡើយទេ គឺបានបិទទាំងស្រុង ដោយសារជំងឺកូវីដ។ សម្រាប់ទំនិញចេញចូល យើងនៅរក្សាធម្មតាទាំងភាគីវៀតណាម ទាំងភាគីកម្ពុជា យើងធ្វើការដោះដូរនៅតាមច្រកព្រំដែន»។
បើតាមលោកអភិបាលខេត្ត ការដោះដូរនេះរវាងអាជីវករកម្ពុជា-វៀតណាម គឺប្រើប្រាស់មធ្យោបាយរៀងខ្លួន ពោលភាគីវៀតណាម ត្រូវមានមធ្យោបាយដឹកមកដល់ព្រំដែន ហើយភាគីកម្ពុជាប្រើប្រាស់មធ្យោបាយទៅប្ដូរទំនិញ ប៉ុន្ដែត្រូវបានមន្ដ្រីជំនាញបាញ់ថ្នាំការពារមធ្យោបាយទាំងសងខាង ដើម្បីការពារជំងឺកូវីដ-១៩។
ដោយឡែក សម្រាប់ការបើកដំណើរការទាំងស្រុងឡើងវិញយ៉ាងណានោះ លោក អ៊ូច ភា មិនទាន់អាចបញ្ជាក់ឲ្យដឹងបាននៅឡើយ ពោលត្រូវរងចាំការសម្រេចរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជាមួយភាគីវៀតណាម។
ខេត្តតាកែវ មានច្រកទ្វារព្រំដែនផ្លូវការ ជាប់ជាមួយនឹងប្រទេសវៀតណាមចំនួន៣ ទី១៖ គឺច្រកទ្វារព្រំដែន អន្តរជាតិភ្នំដិន (ដែលជាច្រកទ្វារផ្លូវគោក) ស្ថិតនៅឃុំភ្នំដិន ស្រុកគិរីវង់ និងទី២៖ ច្រកទ្វារព្រំដែនទ្វេភាគី កំពង់ក្រសាំង ស្ថិតនៅឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ និងទី៣៖ ច្រកទ្វារព្រំដែនទ្វេរភាគី បាក់ដៃ ស្ថិតនៅឃុំគោកធ្លក ស្រុកអង្គរបុរី (ដែលជាច្រកទ្វារផ្លូវទឹក)។
សូមរំលឹកថា ចាប់តាំងពីផ្ទុះឡើងនូវជំងឺកូវីដ-១៩ ច្រកទ្វារព្រំដែនរបស់កម្ពុជា ជាមួយប្រទេសជិតខាង ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចេញចូលនោះទេ។ ការអនុញ្ញាតឲ្យចេញចូលមានតែរថយន្ដដឹកទំនិញប៉ុណ្ណោះ ប៉ុន្ដែការដឹកទំនិញនេះ ក៏ត្រូវធ្វើឡើងតាមចំនួនកំណត់ផងដែរ៕