
ជនបរទេសទុរគត ត្រូវបានស្រ្តីចិត្តធម៌ម្នាក់ ជួយទំនុកបម្រុង និងចេញថ្លៃសំបុត្រយន្តហោះត្រឡប់ទៅប្រទេសកំណើតវិញ (Video inside)
23-07-2020 14:00
(ភ្នំពេញ)៖ បុរសជនជាតិអ៊ុយក្រែនម្នាក់លោក ម៉េក ស៉ីន អាយុខ្ទង់៣០ឆ្នាំ ដែលជាជនបរទេសមានជំងឺប្រចាំកាយធ្ងន់ធ្ងរ និងទុរគតគ្មានទីពឹង ដើររស់នៅអានាថាតាមដងផ្លូវ ខ្វះអាហារហូបចុកត្រូវ បានក្រុមស្ត្រីមួយក្រុមមានចិត្តសប្បុរសធម៌ ចំណាយលុយផ្ទាល់ខ្លួនព្យាបាលជំងឺ ផ្តល់កន្លែងស្នាក់នៅ អាហាហូបចុក មើលថែទាំរហូតមានសុខភាពល្អ ហើយផ្តល់ថវិកាទិញសំបុត្រយន្តហោះ វិលត្រឡប់ ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ នៅល្ងាចថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២០នេះ។
លោកស្រី គង់ ណាក់នីន នាយិកាក្រុមហ៊ុន MMarcol ដែលជាសប្បុរសជន ជួយទិញសំបុត្រយន្តហោះឲ្យជនជាតិបរទេសម្នាក់នោះ បានត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ បានលើកឡើងថា លោកស្រី ពេលដែលបានដឹងពីស្ថានភាពរបស់គាត់ លោកស្រីមានចិត្តអាណិតអាសូរចំពោះស្ថានភាពដ៏លំបាកនេះ ពេលដែលខ្លួនមួយរស់នៅប្រទេសគេ ហើយគ្មានទីពឹងទៀត ទើបអ្នកស្រីរួមទាំង មិត្តភក្កិ បានជួយទំនុកបម្រុង ធ្វើយ៉ាងណាអោយជនជាតិបរទេសនោះមានសុខភាពល្អឡើងវិញ និងបានទៅជួបជុំញាតិសណ្តានរបស់គាត់ នៅប្រទេសកំណើតវិញ។
គួរបញ្ជាក់ថា បុរសជនជាតិអ៊ុយក្រែនដែលលោក ម៉េក ស៉ីន នេះបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅកំឡុងខែធ្នូឆ្នាំ២០១៩ ដើម្បីដំណើរកម្សាន្ត តែដោយសារខ្វះលទ្ធភាពមិនអាចត្រឡប់ទៅកាន់ ប្រទេសកំណើតវិញ រូបគាត់បានចូលបម្រើរការងារក្នុងភោជនីយដ្ឋានបរទេសមួយដោយទទួលបានកម្រៃបន្តិចបន្តួច ប៉ុន្តែដោយសារតែវិបត្តិកូវីដ១៩ ធ្វើឲ្យរូបគាត់បាត់បង់ការងារធ្វើ និងកម្ពុជាគ្មានស្ថាន ទូតអ៊ុយក្រែនតាំងនៅផងនោះ គាត់បានធ្លាក់ខ្លួនមានជំងឺ គ្មានទីពឹងដើរដេកអនាថាតាមផ្លូវ តាមសំយ៉ាបផ្ទះគេ គ្មានអាហារហូបចុក ដោយឃើញពីការលំបាកនេះហើយ បានជាស្ត្រីចិត្តធម៌ មួយក្រុមខាងលើ ជួយទំនុកបម្រុងរហូតបានទៅកាន់ប្រទេសកំណើររបស់ខ្លួនវិញ៕