(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច បានស្វាគមន៍យ៉ាងកក់ក្ដៅ និងកោតសសើរចំពោះលោក ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសហការី ដែលបានផ្តួចផ្តើមគំនិតបង្កើតសមាគមសហព័ន្ធអប់រំ ដើម្បីជួយអភិវឌ្ឍវិស័យអប់រំ ជាពិសេសក្នុងវិស័យឯកជន និងបានចូលរួមចំណែកដល់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលសិស្ស និស្សិតនៅកម្ពុជា។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោកស្រី ម៉ែន សំអន បានអនុញ្ញាតឲ្យលោក ប៉ិច បូឡែន និងសហការីអញ្ជើញចូលជួបសំដែងការគួរសម នៅទីស្តីការក្រសួង។

ជាការឆ្លើយតបលោក ប៉ិច បូឡែន ក៏បានលើកឡើងអំពីវឌ្ឍនភាពរបស់សមាគម ដែលបានដំណើរការរហូតមកដល់ពេលបច្ចុប្បន្ន។ ក្នុងនោះផងដែរ សម្រាប់សមាគមក៏រងនូវផលប៉ះពាល់មួយចំនួនធំ ពីបញ្ហាកូវីដ១៩ ដែលពិភពលោកបាននិងកំពុងប្រឈមមុខយ៉ាងខ្លាំងអំពីការឆ្លង រីករាលដាលនៃជំងឺនេះ។ តែទោះជាយ៉ាងណា សមាគមក៏បានគោរពតាមសរាចរណ៍ណែនាំ របស់រដ្ឋាភិបាលក៏ដូចជារបស់ក្រសួងសុខាភិបាលនូវការរក្សាអនាម័យ និងគម្លាតសង្គម។

លោកស្រីក៏បានអរគុណដល់ចូលរួមចំណែករបស់ និងបានស្នើឲ្យសមាគម៖

*ទី១៖ មេត្តាយោគយល់ និងជួយសហការជាមួយរាជរដ្ឋាភិបាល ដើម្បីការពារ និងទប់ស្កាត់ តាមរយៈអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដែលរួមមាន ការសំអាតដៃ និងរក្សាគម្លាត ជាដើម។
*ទី២៖ សមាគមត្រូវតាមដាន និងអនុវត្តនូវការជូនដំណឹង និងការណែនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោផ្ទាល់ និងក្រសួងអប់រំ យុវជន និងកីឡា។
*ទី៣៖ ចូលរួមពង្រឹងគុណភាពអប់រំ នៅកម្ពុជា ដើម្បីឱ្យសិស្ស និស្សិតពេលរៀនចប់ ពួកគាត់អាចរកការងារធ្វើបាន៕