(ភ្នំពេញ)៖ ក្រុមហ៊ុន Monarch Investment Co., Ltd. និងក្រុមហ៊ុន Nansham Group Co., Ltd. បានចុះអនុស្សរណៈ​យោគយល់គ្នា ក្នុងគោលបំណង​រួមសហការ​អភិវឌ្ឍ «កោះតាង» ឲ្យក្លាយជារមណីដ្ឋានយ៉ាងល្អប្រណិត គ្មានពីរនៅកម្ពុជា ជាមួយភាពអស្ចារ្យនៃការច្នៃប្រឌិតខ្ពស់​ របស់ក្រុមហ៊ុនទាំងពីរនេះ។

អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោក សុខ ចិន្ដាសោភា បានថ្លែងថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍នៅកម្ពុជា គ្រប់រចនាសម្ព័ន្ធទាំងអស់ ជាក់ស្ដែងគម្រោងសាងសង់របស់ក្រុមហ៊ុន Monarch Investment Co., Ltd. និងក្រុមហ៊ុន Nansham Group Co., Ltd. ដែលបានរួមសហការគ្នា ក្នុងការបង្កើតនូវរមណីដ្ឋាន ដែលមានលក្ខណៈទ្រង់ទ្រាយធំ ពោរពេញទៅដោយការច្នៃប្រឌិតខ្ពស់។

លោក បន្ដថា ពិសេសការគិតគូរបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយមុននឹងធ្វើការសាងសង់ ដើម្បីមិនឲ្យប៉ះពាល់ដល់សម្បត្ដិធម្មជាតិគ្រប់ចំនុច ទាំងការរកស៊ី និងរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ ដោយមានតែការបំពេញនូវភាពស្រស់ត្រកាលយ៉ាងល្អក្រៃលែង ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ មកកំសាន្ដនៅទីនេះកាន់តែច្រើនឡើងបន្ថែមទៀត ហើយក៏ធ្វើប្រជាជននៅមានការងារធ្វើកាន់ច្រើនឡើង បន្ថែមទៀត។

លោកបន្ដថា «ការអភិវឌ្ឍន៍នៅលើកោះ ពិតជាមានការលំបាកខ្លាំងណាស់ ប្រៀបធៀប នឹងការសាងសង់សណ្ឋាគារ ឬហេដ្ឋានរចនាសម្ព័ន្ធនានា នឹងលើដីគោក គ្រាន់តែយើងជិះទូក ជិះកាបាល់យើង ដឹងហើយតើវាលំបាកយ៉ាងម៉េច នៅពេលមានខ្យល់ និងរលក។ ដូច្នេះការសិក្សាស្រាវជ្រាវ យ៉ាងម៉ត់ចត់របស់ដៃគូទាំងពីរ ខ្ញុំមានជំនឿណាស់ ទៅលើការមានឆន្ទៈរបស់ដៃគូនេះ ហើយសង្ឃឹមថា គម្រោងនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខ»

លោក សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge Groupបានថ្លែងថា Monarch Investment ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន WorldBridge Group ដែលផ្តោតលើគម្រោងអភិវឌ្ឍទ្រង់ទ្រាយធំដែលពោរពេញទៅដោយភាពលេញធ្លោរយ៉ាងអស្ចារ្យ ដែលនឹងក្លាយជាតំបន់ទេសចរណ៍មួយ ដ៏ប្រណិតជាមួយនឹងរមណីដ្ឋាន មានលក្ខណៈពិសេសៗជាច្រើន ដែលនឹកស្មានមិនដល់ ទាំងផែនាវា សណ្ឋាគារ សួនកំសាន្ដ ទីលានវាយកូនហ្គោល និងសេវាកម្មប្រណិតៗជាច្រើនផ្សេងទៀត។

លោកបន្ដថា «ក្រោមការសហការគ្នានេះ យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព គ្រប់ចំនុចទាំងអស់ ដើម្បីពន្លឿនក្នុងការសាងសងរមណីដ្ឋាន យ៉ាងប្រណិតនេះ ក្នុងពេលដ៏ឆាប់ខាងមុខនេះ»

គួរបញ្ជាក់ថា ក្រុមហ៊ុន WorldBridge Group ជាបណ្តុំនៃអាជីវកម្មជាង២៣ប្រភេទ ដែលរួមមានសេវាកម្មដឹកជញ្ជូន គ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ (supply chain management) ពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) ហិរញ្ញវត្ថុ ការអភិវឌ្ឍអចលនទ្រព្យ តំបន់ឧស្សាហកម្ម និងពាណិជ្ជកម្ម។ WorldBridge Group ក៏បាននឹងកំពុងដំណើរការ គម្រោងអភិវឌ្ឍន៍ថ្មីៗបំផុតនៅកម្ពុជា មានជាអាទិ៍ សំណង់អគារពាណិជ្ជកម្មភ្លោះកម្ពស់៤៥ជាន់ The Bridge និងអគារលំនៅឋានប្រណិតកម្ពស់៥៥ជាន់ The Peak ដែលរួមមានសណ្ឋាគារ លំដាប់អន្តរជាតិ Shangri-La ព្រមទាំងគម្រោងអភិវឌ្ឍសណ្ឋាគារគយ និងតំបន់សេដ្ឋកិច្ចពិសេស Kerry WorldBridge FSZ។

ក្រោយកំណែទម្រង់ជាច្រើន ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក ក្រុមហ៊ុន Nansham Group បានប្រែក្លាយទៅជាសហគ្រាសសហកម្ម សិទ្ធិឯកជនទ្រង់ទ្រាយធំ ស្ថិតក្នុងចំណោមសហគ្រាស លំដាប់ខ្ពស់ទាំង៥០០នៃប្រទេសចិន ដែលឈានមុខគេ ក្នុងវិស្ស័យឧស្សាហកម្ម ហិរញ្ញវត្ថុ អាកាសចរណ៍ អចលនទ្រព្យ អប់រំ ទេសចណ៍ និងសេវាថែទាំសុខភាពមនុស្សចាស់។ ពិសេសក្រុមហ៊ុន Nanshan Group បានបង្កើតសាខា ក្នុងប្រទេសជាច្រើន ដូចជាអូស្ត្រាលី សហរដ្ឋអាមេរិក អ៉ីតាលី សិង្ហបុរី និងហុងកុងទៀតផង៕