(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការឯកភាពពី សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវលើករណីការកាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរី។

យោងតាមសេចក្ដីសម្រេចរបស់សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ ក្រុមការងារអន្តរក្រសួងនេះមានចំនួន១៣រូបដោយមាន លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាអនុប្រធាន។

ការសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងនេះឡើង គឺយោងតាមរបាយការណ៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ ដោយមានចំណារឯកភាពពីប្រមុខរាជរដ្ឋាភិបាលផងដែរ៕