(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាបែបទេសចរណ៍ Ultra Trail Angkor 2016 ដែលជាកម្មវិធីរត់ប្រណាំងចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ លើកដំបូង ដែលធ្វើឡើងនៅតំបន់អង្គរ ខេត្តសៀមរាប បានចាប់ផ្ដើមជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៣ ខែមករានេះនិងបញ្ចប់នៅ ព្រឹកស្អែក ក្នុងនោះដែរអ្នកចូលរួមរត់ចម្ងាយឆ្ងាយនេះ ត្រូវប្រើថិរវេលារត់មិនឲ្យលើសពី២៨ម៉ោងឡើយ ទើបទទួលបានចំណាត់ថ្នាក់ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) ។
លោក វ៉ាត់ ចំរើន បានថ្លែងក្នុងពិធីបើកកម្មវិធីរត់ប្រណាំង Ultra Trail Angkor នៅព្រឹកនេះថា នេះជាព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ ដ៏អស្ចារ្យមួយ សម្រាប់ប្រទេសកម្ពុជា ដែលទទួលបានកិច្ចសហការរៀបចំពីសំណាក់អ្នកជំនាញជនជាតិ បារាំងលោក Jean Claude ។ ចំពោះអ្នកចូលរួមវិញ គឺទទួលបានតាមការគ្រោងទុក ដោយមានភ្ញៀវជាតិ និងអន្ដរជាតិប្រមាណ ២៥០នាក់មកពី២៦ប្រទេសលើ ពិភពលោកចូលរួម ហើយត្រូវប្រកួតលើ៤វិញ្ញាសាផ្សេងៗគ្នា រួមមានរត់ ១២៨គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រនិងវិញ្ញាសាដើរ ជាលក្ខណៈ Nordic Walking ចម្ងាយ៨គីឡូម៉ែត្រ ។
អគ្គលេខាធិការ NOCC រូបនេះ បានពន្យល់បន្ថែមថា ជុំវិញការត់ចម្ងាយ ១២៨គីឡូម៉ែត្រនេះ ត្រូវបានចែកចេញជាដំណាក់កាល សម្រាប់រត់ មានន័យថា ដំណាក់កាលដំបូង បន្ទាប់ពីរត់ចម្ងាយបានជាង ៧០គីឡូម៉ែត្រហើយនោះ គណៈកម្មការរៀបចំកម្មវិធី នឹងធ្វើការត្រួតពិនិត្យសុខភាព និងសមិទ្ធផលរបស់អត្តពលិកម្នាក់ៗ មុននឹងអនុញ្ញាតឲ្យ រត់បន្ដ ។ ប៉ុន្ដែក្រោយរត់គ្រប់ចម្ងាយ ១២៨គីឡូម៉ែត្រហើយនោះ គណៈកម្មការនឹងធ្វើការត្រួតពិនិត្យជាថ្មីម្ដងទៀត មុននឹងបូកសរុបលទ្ធផលចុងក្រោយ ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា សម្រាប់លក្ខខណ្ឌបូកសរុបលទ្ធផលចុងក្រោយ គឺអត្តពលិកម្នាក់ៗ ត្រូវរត់ក្នុងថិរវេលាមិនលើសពី ២៨ម៉ោងឡើយ មានន័យថា អ្នករត់ក្រោម ២៨ម៉ោង ទើបទទួលបានចំណាត់ថ្នាក់ ទៅតាមសមិទ្ធផលជាក់ ស្ដែងរបស់អត្តពលិកម្នាក់ៗ តែចំពោះអ្នករត់លើសពី២៨ម៉ោង គណៈកម្មការនឹងមិនផ្ដល់ចំណាត់ថ្នាក់ជូននោះទេ ។
គួរបញ្ជាក់ថា Ultra Trail Angkor 2016 នេះ គឺព្រឹត្តិការណ៍កីឡាទេសចរណ៍ប្លែកដ៏អស្ចារ្យមួយ ដែលក្រសួង ទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយអាជ្ញាធរខេត្តសៀមរាប រួមទាំងក្រុមការងារបច្ចេក ទេសមកពីប្រទេសបារាំង រៀបចំឡើងនៅតំបន់អង្គរ ខេត្តសៀមរាប ក្នុងគោលដៅបង្កើនភាពទាក់ទាញភ្ញៀវទេសចរ មកទស្សនាកម្សាន្ដតំបន់វប្បធម៌របស់ខ្មែរ ក៏ដូចជារួមចំណែកស្វែងរកចំណូលជួយដល់ប្រទេសជាតិផងដែរ ៕