(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញលិខិតព្រមានម្ចាស់សិប្បកម្មផលិតទឹកអនាម័យសម្លាប់មេរោគ «ខ្មែរអេកូតិចណូឡូជី» ករណីផ្សព្វផ្សាយទឹកពិសា ដែលផលិតដោយសិប្បកម្មខាងលើបំផ្លើសហួសពីការពិត និងគ្មានមូលដ្ឋានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ថែមទាំងបានយក Logo ក្រសួងសុខាភិបាល ទៅប្រើប្រាស់លើបណ្ណរូបភាពផ្សព្វផ្សាយផ្សេងៗ ដោយគ្មានការអនុញ្ញាតពីក្រសួង។

លិខិតរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់យ៉ាងដូច្នេះថា៖

«សូមព្រមានលោកបណ្ឌិតវិទ្យាសាស្ត្រ ហេង ប៊ុនអ៉ី ម្ចាស់សិប្បកម្មផលិតទឹកអនាម័យសម្លាប់មេរោគ «ខ្មែរអេកូតិចណូឡូជី» ដែលមានទីតាំងទី១ ស្ថិតនៅផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទីតាំងទី២ ស្ថិតនៅផ្លូវកែង១៣៤ និង២២១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ករណីផ្សព្វផ្សាយទឹកពិសា ដែលផលិតដោយសិប្បកម្មខាងលើបំផ្លើសហួសពីការពិត និងគ្មានមូលដ្ឋានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដូចជាអាចប្រើសម្លាប់មេរោគផ្សេងៗ ដែលបង្កឡើងដោយពពួកបាក់តេរី វីរុស និងពពួកផ្សិត សម្រាប់ឧបករណ៍ផ្ទះបាយ បន្លែ ផ្លែឈើ ព្រមទាំងប្រើព្យាបាល មុខកើតមុន ជំងឺសក់ជ្រុះ ទឹកនោមផ្អែម ឈឺសន្លាក់ ជំងឺក្រពះ រាករូស និងព្យាបាលជំងឺជាច្រើនមុខទៀត ដោយគ្មានឯកសារយោងគ្លីនីកច្បាស់លាស់ឡើយ ថែមទាំងបានយក Logo ក្រសួងសុខាភិបាលមកប្រើប្រាស់លើបណ្ណរូបភាព ផ្សព្វផ្សាយផ្សេងៗ ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលឡើយ»

ក្រសួងសុខាភិបាល ស្នើលោកបណ្ឌិត ហេង ប៊ុនអ៉ី ត្រូវបញ្ឈប់រាល់ការផ្សព្វផ្សាយខុសច្បាប់ជាបន្ទាន់ ហើយត្រូវគោរពឱ្យបានត្រឹមត្រូវទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលមានជាធរមាន ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ក្នុងករណីលោកបណ្ឌិតនៅតែបន្តការផ្សព្វផ្សាយផលិតផលទឹករបស់ខ្លួនថា មានគុណភាពបង្ការ ឬព្យាបាលជំងឺ និងយក Logo ក្រសួងសុខាភិបាល ទៅប្រើប្រាស់ក្នុងគោលបំណងផ្សព្វផ្សាយផលិតផលរបស់ខ្លួនជាបន្តទៀតនោះ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ជាធរមាន។

ក្រសួងសុខាភិបាល ក៏បានជំរុញអភិបាលរាជធានីភ្នំពេញ និងប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ត្រូវអនុវត្តតាមដានកុំឱ្យមានសកម្មភាពផ្សព្វផ្សាយខុសច្បាប់ខាងលើ កើតឡើងសាជាថ្មីទៀតផងដែរ៕