(កណ្ដាល)៖ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ខេត្តកណ្ដាល លោក ហួត វណ្ណថូ បានជំរុញឲ្យម្ចាស់សិប្បកម្មផលិត កែច្នៃ និងវេចខ្ចប់អំបិលទាំងអស់ យកចិត្តទុកដាក់លើការបញ្ចូលជាតិអ៉ីយ៉ូដឲ្យបានត្រឹមត្រូវ ស្របតាមបទបញ្ញត្តិបច្ចេកទេស CTR 149: 2019 សម្រាប់អំបិល អ៉ីយ៉ូដ រួមទាំងគុណភាព អនាម័យ និងសុវត្ថិភាពអំបិល មុននឹងចរាចរលើទីផ្សារ ដើម្បីជៀសផុតពីវិធានការនានាតាមផ្លូវច្បាប់នានា ខណៈជំនាញនឹងចាត់ការតាមផ្លូវច្បាប់ បើសិនរកឃើញសិប្បកម្មណាហ៊ានប្រព្រឹត្តល្មើស។

លោក ហួត វណ្ណថូ បានលើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ១២២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្តីពីសេចក្តីណែនាំនិងវិធានការលើម្ចាស់សិប្បកម្ម ផលិតកែច្នៃ និងវេចខ្ចប់អំបិល នាថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០២០ នាសាលប្រជុំមន្ទីរ។

លោក ហួត វណ្ណថូ បានណែនាំផ្សព្វផ្សាយដល់ម្ចាស់សិប្បកម្ម ពីបទប្បញ្ញាតបច្ចេកទេស CTR 149 : 2019 និងប្រកាសរួមរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងក្រសួងផែនការ ស្តីពីការដាក់ឲ្យប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិល ដែលបានបញ្ចូលជាតិអ៉ីយ៉ូដ ព្រមទាំងបានណែនាំដល់ម្ចាស់សិប្បកម្មផលិត និងវេចខ្ចប់អំបិលទាំងអស់ឲ្យបញ្ឈប់ការប្រើប្រាស់ស្លាកសញ្ញាអ៉ីយូដចាស់ និងត្រូវស្នើសុំអាជ្ញាប័ណ្ណប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិល ដែលបានបញ្ចូលជាតិ អ៉ីយ៉ូដឲ្យបានរួសរាន់ ដើម្បីជៀសផុតពីវិធានការនានាតាមផ្លូវច្បាប់។

លោកប្រធានមន្ទីរ បានសង្កត់ធ្ងន់ថា «ចំពោះម្ចាស់សិប្បកម្មណានៅតែហ៊ានប្រព្រឹត្តល្មើស ឬមិនស្ដាប់តាមការណែនាំ ជំនាញនឹងចាត់ការតាមផ្លូវច្បាប់មិនខានឡើយ ព្រោះថាអំបិលជាសារធាតុ ដែលពលរដ្ឋយើងបរិភោគទូទាំងប្រទេស ដូច្នេះគោលការណ៍ណែនាំដែលបានតាក់តែងពីជំនាញ ម្ចាស់សិប្បកម្មត្រូវតែអនុវត្តន៍ ដ្បិតទាំងអស់នេះ គឺឈរលើគោលការណ៍សុវត្ថិភាពចំណីអាហារ និងអាហារមានគុណភាព បម្រើឱ្យមានសុខមាលភាព អាហារមានសារធាតុល្អសម្រាប់រាងកាយជាដើម»