(កណ្ដាល)៖ ខារ៉ាអូខេ (KTV) មួយកន្លែងឈ្មោះហុងកុងស្ថិតនៅក្រុងតាខ្មៅ ត្រូវបានភ្នាក់ងារស៉ើបការណ៍សំងាត់រកឃើញថា បើកឱ្យច្រៀង ដែលផ្ទុយពីបំរាមរបស់រដ្ឋបាល ខេត្តកណ្ដាល ត្រូវបាននគរបាលខេត្តនេះ ចុះទៅដល់ទីតាំងភ្លាមទាំងកណ្ដាលរាត្រី នាថ្ងៃទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០យប់មិញនេះ ដើម្បីព្រមានពីវិធានការផ្លូវច្បាប់ ខណៈលើកនេះត្រឹមធ្វើកិច្ចសន្យាណែនាំប៉ុណ្ណោះ។

នគរបាលបានឱ្យដឹងថា អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំដោយលោកស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យអន្តរាគមន៍ សហការជាមួយកម្លាំងអធិការនគរបាលក្រុងតាខ្មៅ និងអាជ្ញាធរក្រុងតាខ្មៅ បានចូលរួមចុះពិនិត្យទីតាំង ខារ៉ាអូខេឈ្មោះ ហុងកុង KTV ស្ថិតនៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានម្ចាស់ទីតាំង ឈ្មោះ យូ ស្រង់ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លទ្ធផលពិនិត្យឃើញថា ទីតាំងឈ្មោះ ហុង កុង KTV បានបើកឲ្យភ្ញៀវចូលច្រៀងនៅក្នុងបន្ទប់ខារ៉ាអូខេ។ ជាក់ស្តែងមានមួយបន្ទប់ ហើយអាជ្ញារធរក្រុងតាខ្មៅ បានធ្វើកិច្ចសន្យា និងណែនាំឲ្យម្ចាស់ទីតាំងគោរពតាមសេចក្តីជូនដំណឹងលេខ១២៦៩ សជណ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្តាល។

គួរជម្រាបថា រដ្ឋបាលខេត្តកណ្ដាល បានចេញសារាចរណ៍ណែនាំឱ្យរាល់ខារ៉ាអូខេទាំងអស់នៅទូទាំងខេត្តកណ្ដាល អាចបើកដំណើរការបានក្នុងរូបភាពជាភោជនីយដ្ឋាន ដើម្បីបើកសេវាឡើងវិញ ស្ដារសេដ្ឋកិច្ច និងឱកាសការងារដល់ពលរដ្ឋ។

ទីតាំងខារ៉ាអូខេជាច្រើននៅក្រុងតាខ្មៅ ស្រុកស្អាង ស្រុកអង្គស្នួល ស្រុកកោះធំ ស្រុកខ្សាច់កណ្ដាល និងតាមបណ្ដាស្រុកមួយចំនួនផ្សេងទៀត បានអនុវត្តន៍តាមការណែនាំ ប៉ុន្តែមានសេចក្ដីរាយការណ៍ខ្លះបង្ហើបថា ក៏មានគេលួចលាក់បើកឱ្យច្រៀងម្ដងម្កាលដែរ គ្មាននរណាធ្វើបានឥតខ្ចោះនោះឡើយ៕