(បន្ទាយមានជ័យ)៖ ស្តូបព្រះពុទ្ធរូបនៅទួលប្រាសាទដងខ្ចាស់ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកស្រីឧកញ៉ា ហេមចិន្តាមហាឧបាសិកា ពុទ្ធសាសនូបបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ត្រូវបានសាសង់រួចរាល់ ដើម្បីតម្កល់ព្រះពុទ្ធរូបទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ គោរពបូជាតាមជំនឿសាសនា នៅពេលមានពិធីបុណ្យទានផ្សេងៗ ត្រូវបានធ្វើពិធីសម្ពោធឆ្លង និងធ្វើពិធីអភិសេកព្រះផងដែរ។

ពិធីនេះធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក អ៊ុ រាត្រី អភិបាលខេត្ត និងលោកស្រី, ថ្នាក់ដឹកនាំ ព្រមទាំងមានការចូលរួមពីសំណាក់អ្នកតំណាងរាស្រ្តមណ្ឌល បន្ទាយមានជ័យ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមការងារ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើននាក់។

លោក អ៊ុ រាត្រី បានថ្លែងអំណរគុណយ៉ាងក្រៃលែងលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ដែលតែងតែចូលរួមយ៉ាងខ្នេះខ្នែងក្នុងកិច្ចការងារអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ជាក់ស្តែងលោកស្រី បានជួយសាងសង់ផ្លូវមួយខ្សែចូលទួលប្រាសាទដងខ្ចាស់មួយខ្សែ មានប្រឡាយអមសងខាងផ្លូវ និងដាក់លូភ្លោះ នឹងបានជួយសាសង់ស្តូបព្រះពុទ្ធរូប សម្រាប់តម្កល់ព្រះពុទ្ធរូបសម្រាប់ ជាទីសក្ការរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

លោកថា ទួលបុរាណប្រាសាទដងខ្ចាស់នេះ ជាទួលបុរាណមួយដែលបងប្អូនប្រជាពលរដ្ឋ តែងតែនាំគ្នាគោរពសុំសេចក្តីសុខ និងបន់ស្រន់ផ្សេងៗជូនបងប្អូនពលរដ្ឋនៅមូលដ្ឋានផងដែរ ហើយហេដ្ឋរចនាសម្ព័ន្ធ ក៏ត្រូវបានជួសជុលពីផ្លូវចូលប្រាសាទនេះ ក៏ត្រូវបានស្ថាបនាជូនបងប្អូនពលរដ្ឋផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលបងប្អូនពលរដ្ឋធ្វើដំណើរ ដឹកជញ្ជូនកសិផលផ្សេងៗ នឹងងាយស្រួលដល់បងប្អូនទៅទីទួលខាងលើ ដើម្បីគោរពបូជានាពេលមានបុណ្យទានផ្សេងៗផងដែ។

នៅក្នុងឱកាសនោះលោកក៏បានជំរុញបន្ថែមដល់ប្រជាពលរដ្ឋក្នុងដំណាក់កាលកូវីដ-១៩នេះ សូមបងប្អូនពលរដ្ឋបង្កើនការដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វផ្សេងៗ ដើម្បីផ្គត់ផ្គងជីវភាពគ្រួសារ សល់ពីនោះបងប្អូនអាចយកទៅលក់នៅទីផ្សារដើម្បីបានកម្រៃបន្ថែមសម្រាប់គ្រួសារផងដែរ។

លោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន តែងតែចូលរួមរាល់សកម្មភាពអភិវឌ្ឍស្ទើរគ្រប់ទីកន្លែង ក្នុងខេត្តបន្ទាយមានជ័យ។ ជាក់ស្តែងលោកស្រី ក៏បានផ្តល់ផ្លូវមួយខ្សែដែលមានប្រវែង១០៨៩ម៉ែត្រ ទទឹង ៦ម៉ែត្រ មានប្រឡាយអមសងខាងផ្លូវ និងដាក់លូភ្លោះចូលទួលប្រាសាទដងខ្ចាស់។

ជាមួយនឹងការឆ្លើយតបទៅនឹងសំណូមពររបស់ពលរដ្ឋនៅមូលដ្ឋាន សុំស្តូបសម្រាប់តម្កល់ព្រះពុទ្ធបដិមា ដាក់នៅទីតាំងទួលប្រាសាទសម្រាប់គោរពបូជាពេលមានបូណ្យទានផ្សេងៗ លោកស្រី និងក្រុមការងារក៏បានផ្តល់តាមការស្នើសុំរបស់ប្រជាពលរដ្ឋភ្លាមៗផងដែរ និងបានដាក់ឲ្យសម្ពោធឆ្លងនាឱកាសនោះផងដែរ៕