(ប៉េកាំង)៖ យោងតាមព័ត៌មាន Xinhua ចេញផ្សាយនៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ប្រមាណពាក់កណ្តាល នៃអត្រាប្រជាជនចិន បច្ចុប្បន្នជាអ្នក​ប្រើប្រាស់យ៉ាងសកម្ម នូវកម្មវិធីផ្ញើសារលើទូរស័ព្ទ WeChat ដែលកម្មវិធី​មួយនេះបានប្រារព្ធនូវ ខួបគម្រប់៦ឆ្នាំ នៃការកកើតរបស់ខ្លួន នៅថ្ងៃសុក្រម្សិលមិញ។

កម្មវិធី WeChat ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Internet ខ្នាតយក្ស Tencent ទទួលបានការប្រើប្រាស់យ៉ាងសកម្មពីអ្នកប្រើប្រាស់ ចំនួន ៦៥០លាននាក់ ដែលកំពុងរស់នៅក្នុងនិងក្រៅប្រទេសចិន ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ជាការប្រៀបធៀបជាមួយប្រព័ន្ធ ទំនាក់ទំនងសង្គម លើប្រព័ន្ធអ៊ីនធើណេត Twitter ទទួលបានការគាំទ្រ ពីអ្នកប្រើប្រាស់យ៉ាងសកម្មចំនួន ៣២០លាននាក់ក្នុងរយៈពេល ១០ឆ្នាំ ខណៈ Sina Weibo ទទួលបានការគាំទ្រចំនួន ២១០លាននាក់ ក្នុងរយៈពេល៧ឆ្នាំ។

«កូនស្រីរបស់ខ្ញុំបានបង្រៀនខ្ញុំ ពីរបៀបប្រើប្រាស់ WeChat ដើម្បីខលជាវីដេអូ ជាមួយនឹងចៅស្រីរបស់ខ្ញុំដោយវាមិនដូចនឹងការទូរស័ព្ទ នោះទេ គឺសេវាកម្មទាំងអស់របស់ WeChat គឺឥតបង់ថ្លៃ» នេះបើតាមការលើកឡើង របស់លោក Li Fayang អាយុ៥៩ឆ្នាំ អ្នកប្រើប្រាស់ កម្មវិធីមួយនេះ នៅទីក្រុង Shenyang ភាគខាងជើងប្រទេសចិន។

​WeChat បានចាប់ផ្តើមនូវសេវាកម្ម ហាងទំនិញខ្នាតតូចរបស់ខ្លួន នៅក្នុងឆ្នាំ២០១៤ ដោយផ្តល់នូវទម្រង់ប្រតិបត្តិការពាណិជ្ជកម្ម ធំនិងតូច ហើយបច្ចុប្បន្នក្រុមហ៊ុនពាណិជ្ជកម្ម តាមប្រព័ន្ធអ៊ីនធើណេតធំៗជាច្រើន កំពុងប្រើប្រាស់ ដោយអនុញ្ញាតឲ្យធ្វើការផ្សព្វផ្សាយ និងទិញដោយផ្ទាល់បាន៕