(ពិភពលោក)៖ មេរោគដ៏កាចសាហាវមួយឈ្មោះថា Zika ដែលចម្លងតាមរយៈសត្វមូស កំពុងរីករាលដាលជាខ្លាំងនៅអាមេរិកខាងត្បូង ហើយទំនងជាឆ្លងទៅលើមនុស្សរាប់រយពាន់នាក់ ហើយគិតមកទល់ពេលនេះ នេះបើយោងតាមការ ព្រមានពីរដ្ឋាភិបាល ដកស្រង់ដោយសារព័ត៌មាន The Independent ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ។
មេរោគនេះអាចបង្ករោគសញ្ញាដូចជា ឈឺក្បាល និងឈឺតាមសន្លាក់។ ប៉ុន្តែប្រសិនបើចម្លងទៅស្ត្រីមានផ្ទះពោះ អាចបង្កជាបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់ទារកក្នុងផ្ទៃដូចជា បណ្តាលឲ្យទារកកើតមកមានក្បាលតូចខុសពីធម្មតាជាដើម។
មេរោគនេះ បានឆ្លងរីករាលដល់មនុស្សរាប់ពាន់នាក់ហើយក្នុងប្រទេស កូឡំប៊ី និងប្រេស៊ីល។ រដ្ឋាភិបាលបានព្រមានថា ប្រសិនបើអត្រានៃការឆ្លងនៅតែបន្តបែបនេះ ចំនួនអ្នកឆ្លងអាចនឹងកើនឡើងដល់រាប់រយពាន់នាក់។
សូមជម្រាបថា ថ្មីៗនេះបុរសជនជាតិថៃម្នាក់ ក៏ត្រូវបានគេរកឃើញថា មានឆ្លងមេរោគនេះផងដែរ បន្ទាប់ពីទៅធ្វើការនៅតៃវ៉ាន់៕