(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានស្នើ និងអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រៀមកម្លាំងឆ្លើយតបគ្រោះទឹកជំនន់ឱ្យបានទាន់ពេលវេលានៅក្នុងរដូវវស្សាឆ្នាំនេះ។

ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធផ្តល់ព័ត៌មានឆ្លើយតបនឹងគ្រោះមហន្តរាយ ហៅកាត់ថា ព្រីស៊ីម (PRISM) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា ដោយយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ខែសីហា និងខែកញ្ញា ខាងមុខនេះ នឹងមានភ្លៀងធ្លាក់រាយប៉ាយច្រើន ដែលងាយបង្កជាគ្រោះទឹកជំនន់នៅតំបន់នានា។ ជាពិសេសនៅតាមទីទំនាបជាប់ក្បែរតំបន់ជួរភ្នំ និងខ្ពង់រាប និងតំបន់ជាប់ផ្លូវទឹក ដែលប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀងដែលបណ្តាលមកពីការធ្លាក់ភ្លៀងច្រើនលើសលប់នេះ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងនាមជាអ្នកគ្រប់គ្រងគ្រោះមហន្តរាយ មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវប្រមើលមើលទៅដល់ការរៀបចំវិធានការសម្រាប់ឆ្លើយតប និងស្តារឡើងវិញបឋមពីគ្រោះមហន្តរាយនេះ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានស្នើយ៉ាងដូច្នេះ «ក្នុងន័យនេះខ្ញុំបន្តស្នើសុំកងកម្លាំងប្រដាប់អាវុធ ក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងការស្តារឡើងវិញ ដោយបន្តគាំទ្រផ្នែកវិស្វកម្ម ការដឹកជញ្ជូន ការរុករកសង្គ្រោះ ការរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ ការផ្តល់សេវាសុខាភិបាល អនាម័យ ទឹកស្អាត ការស្តារឡើងវិញបឋមមានពូជស្រូវ បន្លែជាដើមតាមរយៈប្រព័ន្ធ ស្បៀងបម្រុងកម្ពុជា។ល។ និងណែនាំដល់មន្ទីរ អង្គភាពដែលជាបណ្តាញរបស់ខ្លូននៅតាមខេត្តត្រូវសហប្រតិបត្តិល្អជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង/ស្រុក របស់ខ្លួន ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ»

លោក គន់ គីម ក៏បានស្នើគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយល់ដឹងដល់ប្រជាជនឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច ត្រៀមបង្ការ បញ្ជៀសឥទ្ធិពលគ្រោះមហន្តរាយពីមុខសញ្ញាគ្រោះថ្នាក់ ដោយធម្មជាតិ និងដោយមនុស្ស ដូចជាទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើម។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិមុនកំណត់នូវទិន្នន័យការប៉ះពាល់ ខូចខាតបាត់បង់ ដោយគ្រោះមហន្តរាយនៅក្នុងខេត្ត ត្រូវឯកភាពតួលេខជាមួយមន្ទីរជំនាញតាមវិស័យនីមួយៗ មុននិងបញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍និងតាមដាន សភាពការណ៍ (PRISM)។

លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យយកចិត្តទុកដាក់ទៅលើការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយ ដូចនេះ ទាំងរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ ភូមិត្រូវរៀបចំផែនការត្រៀមបម្រុងឆ្លើយតប គ្រោះមហន្តរាយដោយកំណត់នូវធនធានដែលមានពីគ្រប់អ្នកពាក់ព័ន្ធ និងសមត្ថភាព ទ្រព្យ សម្បតិ្តក្នុងការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយ ហើយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងណែនាំទម្រង់បែបបទ ដើម្បីអនុវត្តនៅគ្រប់ថ្នាក់។

អនុប្រធានទី១គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយរូបនេះ ក៏បានស្នើទៅកាន់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិត្រូវមានការកោះប្រជុំជាមួយអង្គការដៃគូរដែលបោះទីតាំងនៅមូលដ្ឋាន ពីវិធានការត្រៀមបម្រុងឆ្លើយតប មុនរដូវ ទឹកជំនន់ និងរាំងស្ងួត។ ជាមួយគ្នានេះ អង្គការដៃគូត្រូវសហការចែករំលែកព័ត៌មានឱ្យគ្នាទៅវិញទៅមកចៀសវាងការគាំទ្រជាន់គ្នានៅមូលដ្ឋានរងគ្រោះណាមួយ៕