(តាកែវ)៖ កម្លាំងនគរបាលនៃអធិការស្រុកបាទី ខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្រោយឆក់កាបូបពីនារីម្នាក់ ជិះម៉ូតូតាមផ្លូវ។
ហេតុការណ៍នេះ បានកើតឡើងនៅលើ ដងផ្លូវជាតិលេខ២ ស្ថិតនៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។
លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការស្រុកបាទី បានប្រាប់មកអង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះថា ជនរងគ្រោះឈ្មោះ កែន វិបុល ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិក្រាំងធ្នង់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។
លោកវរសេនីយ៍ទោបានឲ្យដឹងថា តាមដំណើររឿង ជនរងគ្រោះជិះម៉ូតូ ជាមួយប្អូនបង្កើត ទៅធ្វើការរោងចក្រភ្នំពេញ ពេលធ្វើដំណើរដល់ចំណុច កើតហេតុ មានជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូនិច បានធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីជនរងគ្រោះតែម្ដង។
ក្នុងកាបូបស្ពាយនោះ មានសម្ភាររួមមាន៖ ទូរស័ព្ទចំនួន២គ្រឿង ម៉ាកអិនចុចពិល១គ្រឿង ម៉ាកអូប៉ូ១គ្រឿង និងប្រាក់រៀលចំនួន៤០,០០០រៀល ក្រោយធ្វើសកម្មភាព ជនសង្ស័យជិះគេចខ្លួន តាមផ្លូវលំភ្លើង ទ្វារវត្តពូនភ្នំ ស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ក្រោយទទួលព័ត៌មាន កម្លាំងសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ លុះដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចឈានដល់កំណត់ មុខសញ្ញាបាន រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ឈានដល់ការឃាត់ខ្លួន រួមមាន៖
១៖ ឈ្មោះ ម៉េង លាងហ៊ីម ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
២៖ ឈ្មោះ ហ៊ុន ជីវ័ន ហៅធូ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រកបាទី ខេត្តតាកែវ
៣៖ ឈ្មោះ ហ៊ាន សិលា ហៅវើក ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់កាបូបពីជនរងគ្រោះ នៅចំណុចខាងជើងកន្លែងលក់មីហិរ ស្ថិតនៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ពិតប្រាកដមែន ដោយទី១៖ ឈ្មោះ ម៉េង លាងហើម ជាអ្នកឆក់កាបូបពីជនរងគ្រោះ ឈ្មោះ ហ៊ុន ជីវ័ន អ្នកបើកម៉ូតូ និងឈ្មោះ ហ៊ុន សិលា ជិះកណ្ដាល។
សមត្ថកិច្ច បានដកហូតមធ្យោបាយម៉ូតូ ធ្វើសកម្មភាពធុនស៊ុយស៊ូគីនិច ពណ៌ស លាយក្រហម លេខតួ និងលេខម៉ាស៊ីន 2AE:34889 គ្មានស្លាកលេខ៕