(កំពង់ឆ្នាំង)៖ បើទោះជាបច្ចុប្បន្ននេះស្ថិតក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើបទៅហើយយ៉ាងនេះក្តី ក៏ប្រជាពលរដ្ឋខ្មែរនៅតែបានប្រកាន់ខ្ជាប់នូវទំនៀមទំលាប់ និងជឿទៅលើជំនឿអរូបី ដែលទំនៀមទម្លាប់បែបនេះ ពុំទាន់ត្រូវបានបោះបង់ចោលពីផ្នត់គំនិតរបស់ពលរដ្ឋខ្មែរ បាននៅឡើយនោះទេ ព្រោះវាគឺជាកេរ្តិ៍ដំណែលបន្សល់ទុកពីដូនតាមក មិនអាចនឹងសាបសូន្យបាន ដោយងាយៗនោះឡើយ ពិសេសគឺការជឿទៅលើខ្មោចព្រាយបិសាច បញ្ចូលរូប បញ្ជាន់អារក្ស ឬមន្តអាគម អូមអាមជាដើម -ល-។
ជាក់ស្តែងកាលពីជាង ២ទសវត្សរ៍កន្លងទៅ នៅក្នុងខេត្តកំពង់ឆ្នាំង មានរឿងរ៉ាវដ៏ចម្លែកមួយ ដែលមានការភ្ញាក់ផ្អើល និងល្បីល្បាញរន្ទឺនៅពាសពេញផ្ទៃប្រទេស ដែលអ្នកស្រុកបាននិយាយតៗគ្នាថា ករណីផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវបានខ្មោចសុំទិញក្នុងតម្លៃ ១៥តម្លឹងមាស ដែលរឿងនេះបានល្បីល្បាញតាំងពីពេលនោះ រហូតមកដល់សព្វថ្ងៃនេះ ដែលបច្ចុប្បន្នអ្នកស្រុក បាននាំគ្នាដាក់ ឈ្មោះឲ្យថា «ផ្ទះខ្មោចស័ក្តសិទ្ធិ» ឬផ្ទះយាយតាស័ក្តសិទ្ធិ បច្ចុប្បន្នទីកន្លែងនេះ ក៏នៅតែមានមនុស្សម្នាជាច្រើន មកពីទីជិតឆ្ងាយ នៅក្នុងប្រទេស និងក៏មានអនិកជនខ្មែរ មកពីបរទេសផងដែរ បានមកបន់ស្រន់ សុំសេចក្តីសុខ និងអ្នកខ្លះនាំយកដង្វាយមកថ្វាយលា បំណន់ ឬប្រាថ្នាផ្សេងៗ នៅទីនេះជាហូរហែ មិនដែលដាច់នោះឡើយ។
ភាគច្រើន គឺអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្លងកាត់មុខផ្ទះខ្មោច ស័ក្តសិទ្ធិនេះ ព្រោះតែពួកគេមានជំនឿទៅលើបារម៉ីផ្ទះខ្មោចស័ក្តសិទ្ធិ ដែលនាំឲ្យរកស៊ីមានបាន និងសុខសប្បាយ ក្នុងការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយ រីឯដង្វាយដែលគេនិយមយកមកថ្វាយ ភាគច្រើនគឺគេថ្វាយប្រភេទរានទេវតា ដែលត្រូវបានគេដឹកយកមកដាក់តាំងរាប់រយគ្រឿង នៅពាសពេញបរិវេណ ផ្ទះខ្មោចស័ក្តសិទ្ធិនេះ ទៅតាមការបន់ស្រន់ របស់ពួកគេរៀងៗខ្លួន។
រឿងហេតុដ៏ចម្លែកខាងលើនេះ បានកើតឡើងកាលពីអំឡុងឆ្នាំ១៩៨៩ នៅក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលម្ចាស់ផ្ទះដើមនោះជាកសិករមានឈ្មោះ សំរិទ្ធ លន ភេទស្រី ដំបូងឡើយគាត់បានទិញផ្ទះមួយខ្នងនេះ ពីស្រុកលើ មកសង់នៅលើដីរបស់គាត់។
ប៉ុន្តែក្រោយពីបានធ្វើផ្ទះនេះរួច ស្រ្តីជាម្ចាស់ផ្ទះ មិនដែលបានរស់នៅលើផ្ទះនេះបានយូរនោះទេ គឺគាត់មកស្នាក់នៅទីនេះ តែក្នុងរដូវធ្វើស្រែ និងរដូវច្រូតកាត់តែប៉ុណ្ណោះ ពេលប្រមូលផលស្រូវរួច គាត់បានទៅរស់នៅធ្វើចម្កាឯទន្លេ ក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ដោយទុកផ្ទះរបស់គាត់នេះបិទទ្វារចោល។
បងស្រីឈ្មោះ ពេញ ណារី អាយុ៥១ឆ្នាំ ដែលមានផ្ទះជាប់ និងផ្ទះខ្មោចស័ក្តសិទ្ធិនេះ តាំងតែពីដើមមក បានរៀបរាប់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះថា ស្ត្រីដែលជាម្ចាស់ផ្ទះខ្មោចស័ក្តសិទ្ធិ នៅពេលដែលគាត់ធ្វើផ្ទះរួចហើយ គាត់មិនសូវដែលនៅជាប់លាប់ នោះទេ យូរៗទើបមកស្នាក់នៅបួនដប់ថ្ងៃ អំឡុងពេលដែលម្ចាស់ផ្ទះនេះមិននៅ មានរឿងចំឡែកកើតឡើងជាញឹកញាប់ផងដែរ។
បងស្រីបន្ដថា ដោយពេលខ្លះនៅពាក់កណ្តាលអាធ្រាត្រ គេតែងតែឃើញមានភ្លើងភ្លឺនៅក្នុងផ្ទះ តែពេលមានមនុស្សទៅលបមើល ភ្លើងដែលភ្លឺនោះ ក៏រលត់ងងឹត ឈឹងទៅវិញ តែមានលឺតែសម្លេង រអ៊ូរៗនៅក្នុងផ្ទះនោះ នៅថ្ងៃមួយមានកម្លោះៗ ក្នុងភូមិ២ ទៅ៣នាក់ពួកគេមិនជឿលើហេតុទាំងនេះ ហើយចង់ដឹងក៏នាំគ្នាទៅផ្ទះនោះទាំងកណ្ដាលអាធ្រាត្រ ពេលទៅដល់មុខផ្ទះ អ្នកខ្លះបានស្រែកហៅម្ចាស់ផ្ទះ ដោយសុំឡើងលេងលើផ្ទះផង ពេលពួកគេស្រែកហៅពេលនោះ ក៏មានឮសម្លេងមនុស្សស្រីឆ្លើយតបមកវិញ ពេលឮដូច្នេះពួកគេក៏បាននាំគ្នាឡើងទៅលើផ្ទះ ពេលពួកគេឡើងដល់លើផ្ទះ មិនឃើញមានអ្នកណានៅលើផ្ទះនោះ ពួកគេក៏មានអារម្មណ៍ព្រឺក្បាល ខ្លាចគ្រប់គ្នាហើយបាននាំគ្នារត់ចុះមកវិញ ទាំងព្រលឹងចុងសក់ និងមានរឿងចំលែកមួយទៀត ផ្ទះនេះ មិនមានមនុស្សនៅក៏ពិតមែន តែសភាពក្នុងផ្ទះស្អាតជានិច្ច មានរបៀបមិនមានធូលីដី ឬពីងពាងតោង ឬព័ទ្ធ ប្រៀបដូចជាផ្ទះដែលមានមនុស្សចាំថែរក្សា ជូតសំអាត រាល់ថ្ងៃយ៉ាងដូច្នេះដែរ។
បងស្រីបន្តថា ដីភូមិនេះកាលពីមុនមានអ៊ុប្រុសម្នាក់រស់នៅឯប៉ោយប៉ែត គាត់បានរកស៊ីខាតដើមខាតចុង ហើយយប់មួយបារមីដែលនៅផ្ទះខ្មោចស័ក្តសិទ្ធិ បានទៅពន្យល់សប្តិគាត់ថា ឲ្យគាត់មកអុជធូបបន់ស្រន់នៅ ផ្ទះខ្មោចស័ក្តសិទ្ធិនេះ អ្វីៗនិងជោគជ័យមិនខានឡើយ។ លុះស្អែកឡើង គាត់ក៏មកបន់ស្រន់នៅផ្ទះខ្មោចស័ក្តសិទ្ធិ តាមការពន្យល់សប្តិនោះ តាំងពីពេលនោះមកមុខរបររបស់គាត់ ក៏ទទួលបានជោគជ័យដូចបំណង តាមការបន់ស្រន់របស់គាត់ពិតមែន។
បន្ទាប់មក គាត់ក៏បានមកសុំទិញដីពីម្ចាស់ផ្ទះនេះ ដោយសុំទិញតែដី ដើម្បីយកមកសាង សង់ផ្ទះខ្មោចស័ក្តសិទ្ធិ ដើម្បីទុកជាកន្លែងគោរពបូជា ពេលនោះស្ត្រីជាម្ចាស់ផ្ទះដើម ក៏បានព្រមព្រាងវាស់ដីលក់ឲ្យអ៊ុប្រុសរូបនោះ ដែលមានទទឹង ៥ម៉ែត្រ បណ្ដោយ ២០ម៉ែត្រ ក្នុងតម្លៃ៧០០ដុល្លារ ពេលដែលទិញដីបានហើយ អ៊ំប្រុសរូបនោះ ក៏បានចំណាយថវិកាផ្ទាល់ខ្លួនសាង សង់អាសនៈដ៏ធំមួយ ដែលដាក់ឈ្មោះថា (ផ្ទះខ្មោចស័ក្តសិទ្ធិ) ទុកសម្រាប់ឲ្យប្រជាពលរដ្ឋ គោរពបូជាដល់បារមី ដ៏ស័ក្កិសិទ្ធ ទៅតាមជំនឿរបស់ពលរដ្ឋរៀងៗខ្លួន តាំងពីពេលនោះមក ក៏មានប្រជាពលរដ្ឋជាច្រើន បានមកអុជធូប បន់ស្រន់ សុំសេចក្តីសុខ សេចក្តីចំរើន និងរកស៊ី មានបានគ្រប់ៗគ្នា។
បងប្រុសម្នាក់ រស់នៅចាក់អង្រែក្រោម ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលបាននាំក្រុមគ្រួសារ យកដង្វាយមកថ្វាយលាបំណន់នៅទីនេះ បានប្រាប់ឲ្យដឹងថា ក្រុមគ្រួសាររបស់គាត់ មានជំនឿយ៉ាងមុតមាំ ទៅលើបារមីផ្ទះខ្មោចស័ក្តសិទ្ធិ នៅទីនេះ ដែលគាត់បានបន់ស្រន់កន្លងមក ហើយទទួលបានជោគជ័យដូចបំណង ទៅតាមការបន់ស្រន់ របស់លោកជាក់ស្តែងរហូត២លើក ដូច្នេះលោកត្រូវតែនាំ យកដង្វាយមានទាំងថវិកា និងវត្ថុផ្សេងៗ មកថ្វាយដល់បារមីផ្ទះខ្មោចស័ក្តសិទ្ធិនៅទីនេះ ទៅតាមការសន្យា របស់លោកដោយមិនអាចខកខានបានឡើយ។
លោក ប៊ិន សុផាន មេឃុំផ្សារ បានឲ្យដឹងដែរថា នៅនឹងផ្ទះខ្មោចស័ក្តសិទ្ធិនេះផងដែរ មានប្រជាពលរដ្ឋជាច្រើន ដែលជឿទៅ លើបរមីផ្ទះខ្មោច ដោយចេញចូលទីនេះ មិន សូវលស់ពេលនោះទេ ពិសេសគឺនៅថ្ងៃសៅរ៍ និងថ្ងៃ អាទិត្យ ឬថ្ងៃឧបោសថសីល។
ដោយមើលឃើញប្រជាពលរដ្ឋ ចេញចូលទីនេះមានច្រើនជាហូរហែនោះ លោកក៏បានពង្រឹងផ្នែកសន្តិសុខយាមកាមបន្ថែមទាំង យប់ ទាំងថ្ងៃ មិនដែលហ៊ានធ្វេស ប្រហែសនោះឡើយ ដូច្នេះក្នុងនាមលោកជាអាជ្ញាធរឃុំ គ្រប់គ្រងទីនេះ លោកក៏សុំធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជំនឿទៅលើផ្ទះខ្មោចស័ក្តសិទ្ធិ ស្ថិតនៅក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនេះ សូមបងប្អូនអញ្ជើញមកទីនេះ ដោយមិនចាំបាច់មានការព្រួយបារម្ភអំពីសន្តិសុខនោះឡើយ៕