(កំពង់ធំ)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត និងលោក លោកស្រីជាសមាជិកសាខាកាកបាទក្រហមខេត្ត ព្រមទាំងលោក លោកស្រី ជាអនុសាខាកាកបាទក្រហមក្រុងស្ទឹងសែន បានចុះសុខទុក្ខ និងនាំអំណោយមនុស្សធម៌ផ្តល់ជូនរជនរងគ្រោះដោយសារខ្យល់កន្រ្តាក់ ដែលរស់នៅសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំនៅរសៀលថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២០។
លោក សុខ លូ បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកបានចូលរួមសម្តែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ លោកបានផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈដែលងាយបង្កគ្រោះថ្នាក់។
លោកបន្តថា «បើបងប្អូនមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ដើម្បីឲ្យក្រុមការងារចុះជួយដល់បងប្អូនបានឆាប់រហ័ស»។
លោកបានថ្លែងបន្តទៀតថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនតិចតួចក្ដីមិនសម នឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាក របស់បងប្អូនបានមួយកម្រិតដែរហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដូចពាក្យស្លោកបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល និង ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
លោកសូមអរគុណចំពោះកម្លាំងនគបាល និងអជ្ញាធរគ្រប់លំថ្នាក់ដែលបានដុតដៃដុតជើង ខិតខំជួយបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ លោកនៅតែអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការអត់ធ្មត់ ចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលជាសោកនាដកម្មដំបូងនៃការផ្ទុះជំងឺផ្លូវដង្ហើមថ្មីកូវីត១៩ គឺជាមេរៀនសម្រាប់ពិភពលោកព្រោះតែ មិនបានប្រយ័ត្ន ក្នុងការធ្វើដំណើរដែលជាមូលហេតុនៃការចម្លង។ ព្រមទាំងអោយបងប្អូនប្រជាពលរដ្ឋស្តាមតាមការណែនាំរបស់ក្រសួងសុខាភិបាល និងធ្វើការអនាម័យអោយបានគ្រប់ពេល។
អំណោយមនុស្សធម៌ផ្តល់ជូនបងប្អូនរងគ្រោះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ១២កំប៉ុង ឃីត១កញ្ចប់ មី១កេស តង់មួយ ស័ង្កសី និងថវិកាមួយចំនួនទៀត។
គួរបញ្ជាក់ផងដែរថាផ្ទះដែលរលំមានចំនួន២ ខ្នងនិងរបើកដំបូលចំនួន៤ខ្នង៕