(កំពង់ចាម)៖ លោក ស៉ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ សស្រាក់សស្រាំនឹងការបោះឆ្នោត ហើយលោកសូមកោតសរសើរ ប្រជាពលរដ្ឋខ្មែរ ដែលបានចេញទៅបោះឆ្នោតយ៉ាងសស្រាក់សស្រាំ ដែលកាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ជាក់ស្តែងនៅក្នុងខេត្តកំពង់ចាម មានរហូតដល់ជាង៨៣ភាគរយឯណោះ។
ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី ល.ខ.ប នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ លោក ស៉ិក ប៊ុនហុក បានគូសបញ្ជាក់ថា កន្លងទៅមានការធ្វើយុទ្ធនាការ ម្រាមដៃស្អាត ដេកផ្ទះឈ្នះឯង ទីបំផុតប្រជាពលរដ្ឋមានដេកផ្ទះឯណា ម្រាមដៃស្អាតឯណា គេចេញទៅបោះឆ្នោត ហើយម្រាមដៃរបស់ពួកគេ បានប្រឡាក់ទៅដោយទឹកខ្មៅទៅវិញ។
បើតាមលោកប្រធាន ល.ខ.ប កំពង់ចាម ប្រជាពលរដ្ឋទូទាំងខេត្តសរុបមានចំនួន ១,០៩២,២១៩នាក់ និងប្រជាពលរដ្ឋប៉ាន់ស្មាន ដែលមិនទាន់បានចុះឈ្មោះចំនួន ៦២,៩៩៥ នាក់ ហើយផែនការនៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ គឺ២៩,៣០៦នាក់។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋម្នាក់ លោក ឈាង អាន អាយុ៧៤ឆ្នាំ ដែលបច្ចុប្បន្នជាមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម (ល.ខ.ប) នៅតែបន្តការងារបោះឆ្នោតតាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ ហើយបានចែករំលែកថា «ខ្ញុំចង់បណ្តុះបណ្តាលក្មេងៗ ជំនាន់ក្រោយឲ្យភ្ញាក់រលឹកពីប្រទេសជាតិ និងពីការបោះឆ្នោត តើវាយ៉ាងម៉េច? ខ្ញុំឆ្លងកាត់ឧបសគ្គជាច្រើន តួយ៉ាងផ្ទះរបស់ខ្ញុំស្ថិតនៅឆ្ងាយពី ល.ខ.ប ជាង៦០គីឡូម៉ែត្រ ហើយត្រូវឆ្លងកាត់ទឹកទៀត ប៉ុន្តែខ្ញុំមានមនសិការថាត្រូវតែធ្វើ ត្រូវតែពុះពារគ្រប់ឧបសគ្គ។ ខ្ញុំស្រឡាញ់ គ.ជ.ប ខ្ញុំស្រឡាញ់ប្រទេសជាតិខ្ញុំ»។
ឆ្លើយតបទៅនឹងការលើកឡើងនេះ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកត់សម្គាល់ថា «ចំណាស់ហ្នឹងហើយនៅតែមកចូលរួម ជាមួយការបោះឆ្នោតទៀត ត្រូវតែកោតសរសើរចំពោះការលះបង់របស់គាត់ ហើយត្រូវតែបន្តលើកទឹកចិត្ត»។
លោកបានបន្ដទៀតថា «ការដែលមានគេមកចូលរួមជាមួយយើង ដោយសារតែយើងដឹកនាំបានត្រឹមត្រូវ។ បើសិនមេមិនល្អ ប្រទេសខ្ទេចខ្ទីគ្មានសល់អ្វីទេ ជាក់ស្តែងក្មួយៗ បានឃើញស្រាប់ហើយក្នុងរបបខ្មែរក្រហម ដោយសារតែមេដឹកនាំពូកែបោកប្រាស់សន្យាថា នឹងធ្វើឲ្យសង្គមមួយល្អឥតខ្ចោះ ស្មើភាពគ្នា តែទីបំផុតដល់ដណ្តើមបានអំណាចមក ប្រទេសទាំងមូលខ្ទេចទៅជាផេះគ្មានសល់»។
ការលើកឡើងខាងលើ គឺឆ្លុះបញ្ចាំងពីរបាយការណ៍របស់លោក ឈីម ចាន់ធឿន ប្រធាន ល.ខ.ប កំពង់ចាម ដែលបានរាយការណ៍ថា ការបំពេញភារកិច្ចរបស់មន្ត្រី ជាប់កិច្ចសន្យារយៈពេលខ្លី ដែលបម្រើការងារបោះឆ្នោតនៅ ល.ខ.ប បានពុះពារឧបសគ្គជាច្រើន ដោយគ្រូបង្ហាត់តាមស្រុកមួយចំនួន មានវ័យចាស់ដូចករណី លោក ឈាង អាន ជាដើម ហើយពិសេសទៅទៀត គឺស្រ្តីដែលមានទីលំនៅឆ្ងាយ តែពួកគាត់ស្រឡាញ់ និងពេញចិត្តក្នុងការបំពេញបេសកកម្មមួយនេះ។
ក្នុងន័យនេះ គ.ជ.ប បានសម្រេចតែងតាំងមន្ត្រីបោះឆ្នោត ដែលដល់អាយុចូលនិវត្តន៍ ចំនួន៧៥រូប នៅទូទាំង២៥ លធ.ខប ជាជំនួយការ គ.ជ.ប ដើម្បីជាការតបស្នងសងគុណ និងដើម្បីពួកគាត់ផ្ទេរមេរៀន និងបទពិសោធន៍ល្អៗទៅអ្នកជំនាន់ក្រោយបន្តវេន៕