(ព្រះវិហារ)៖ លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរចំនួន៣ភូមិ ជាប់និងព្រំដែនប្រទេសឡាវ ក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ បានទទួលការយកចិត្តទុកដាក់ ពីមន្ត្រីសុខាភិបាលខេត្ត ក្នុងយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាល់បែតតាមពាងទឹក អាងទឹកប្រជាពលរដ្ឋ ដើម្បីការពារពីជំងឺគ្រុនឈីក ជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះថា ដោយទទួលបានព័ត៌មានស្តីពីការរាតត្បាតនៃជំងឺគ្រុនឈីក ជំងឺគ្រុនឈាម នៅភូមិសួង ភូមិកំពង់ព្រះឥន្ធ និងភូមិកំពង់សាមី ក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ជាប់និងព្រំដែនឡាវ, នៅថ្ងៃម្សិលមិញនេះ លោកបានដឹកនាំមន្ត្រីសុខាភិបាល ចុះពិនិត្យសកម្មភាព ការបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាល់បែតតាមពាងទឹក អាងទឹកប្រជាពលរដ្ឋទាំង៣ភូមិ ដើម្បីទប់ស្កាត់ការរាត្បាត នៃជំងឺគ្រុនឈីក ជំងឺគ្រុនឈាមនេះ។
ជាមួយគ្នានេះ លោកប្រធានមន្ទីរសុខាភិបាល ក៏បានអប់រំសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ឲ្យរក្សាអនាម័យជាប់ជានិច្ចក្នុងការរស់នៅ។ ទន្ទឹមនឹងនោះ បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមសម្អាត អនាម័យ បរិស្ថានជុំវិញផ្ទះ ពោលគឺត្រូវលុបក្រលុក សំបកកង់ឡាន កង់ម៉ូតូចាស់ៗ ឫក៏សំបកកំប៉ុងដែលអាចដក់ទឹកបាន ដើម្បីការពារកុំឲ្យសត្វមូសបង្កកំណើតបាន។
លោកវេជ្ជបណ្ឌិត គួង ឡូ បានបញ្ជាក់ថា ក្នុងនាមមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកនឹងតាមដានមើលថាតើមួយអាទិត្យក្រោយ បន្ទាប់ពីបានចុះយុទ្ធនាការ បាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាល់បែត តាមពាងទឹក អាងទឹក តាមផ្ទះរបស់ប្រជាពលរដ្ឋ តើជំងឺគ្រុនឈីក មានការថយចុះទេ? បើសិនមានការថយចុះ យើងនឹងបន្ត ចុះអប់រំទៀត ប៉ុន្តែបើសិនជាជំងឺគ្រុនឈីកមិនថយចុះទេ មន្ទីរសុខាភិបាលខេត្ត នឹងធ្វើយុទ្ធនាការមួយទៀត គឺសហការជាមួយយុវជន ស.ស.យ.ក របស់មន្ទីរសុខាភិបាល យុវជនកាកបាទក្រហមកម្ពុជា និងយុវជន ស.ស.យ.ក ស្រុកឆែប ចុះដើរសម្អាតតាមផ្ទះប្រជាពលរដ្ឋ ប្រមូលវត្ថុចាស់ៗ ដែលដក់ទឹកកប់ចោលតែម្តង។
នៅក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តការពារខ្លួនជានិច្ច កុំឲ្យកើតជំងឺកូវីដ១៩។ ដែលវិធានការការពារ ដ៏មានប្រសិទ្ធិភាពនោះ គឺត្រូវអនុវត្តន៍ឲ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្ត ដោយអនុវត្តន៍ការលាងដៃ នឹងសាប៊ូ ឬទឹកអាល់កុល និងត្រូវពាក់ម៉ាស់ការពារជានិច្ច ពេលស្ថិតក្នុងទីប្រជុំជន ឫចូលរួមកម្មវិធីផ្សេងៗ៕