(កំពង់ធំ)៖ សាខាកាកក្រហមកម្ពុជាខេត្តកំពង់ធំ នៅតែបន្តយកចិត្តទុកដាក់ លើប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាតដែលរងផលប៉ះពាល់ ពីការរីករាលដាលនៃមេរោគ Covid-១៩។
ជាក់ស្តែង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ លោកស្រី លំ គន្ធារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី ព្រមទាំងអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកស្ទោង ចុះសាកសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារ ងាយរងគ្រោះចំនួន៣៣គ្រួសារ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
នាឱកាសនោះ លោកស្រី លំ គន្ឋារី បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ ដល់សុខទុក្ខបងប្អូនជនរួមជាតិទាំងអស់ ដោយមិនឲ្យពលរដ្ឋណាម្នាក់ ដាច់ពោះស្លាប់ ដោយសារអត់ឃា្លននោះឡើយ។
លោកស្រី លំ គន្ឋារី បានសង្កត់ធ្ងន់ថា ដោយមានការរីករាលដាលជំងឺ Covid១៩នេះ បានធ្វើឲ្យសេដ្ឋកិច្ចសកលលោក ក៏ដូចជាកម្ពុជា មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលជះឥទ្ធិពលមកដល់ជីវភាពពលរដ្ឋ។
ជាមួយគ្នានេះដែរ លោកស្រី លំ គន្ឋារី បានកោតសរសើរខ្ពស់ ដល់រដ្ឋបាលស្រុកស្ទោង ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងធ្វើយុទ្ធការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់មេរោគ Covid-១៩ យ៉ាងមានប្រសិទ្ធភាព គឺគ្មានការរីករាលដាល ក្នុងសហគមឡើយ។
លោកស្រីក៏បានផ្តាំផ្ញើ ឲ្យអាជ្ញាធរត្រូវបន្តកិច្ចការនេះ ជានិរន្តរ៍ដោយសូមឲ្យបងប្អូនពលរដ្ឋគ្រប់គ្នា រស់នៅប្រកបដោយអនាម័យ និងអនុវត្តវិធានការពារការីករាលដាល របស់មេរោគ Covid-19 ឲ្យបានជាប្រចាំ ហើយបងប្អូនដែលទើបត្រឡប់មកពីបរទេស សូមអនុវត្តចត្តាឡីស័ក ឲ្យបានត្រឹមត្រូវដើម្បីសុវត្ថិភាពខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារព្រមទាំង នៅក្នុងសហគមគ្មាន Covid-19 ហើយចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់គ្នា។
សូមបញ្ជាក់ថា អំណោយដែលគ្រួសារនីមួយៗ ទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម មីមួយកេះ ត្រីខមួយយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ សាប៊ូមួយដុំ ច្រាសដុសខោអាវមួយ៕