(សៀមរាប)៖ សិលាចារឹកភាសាស្ត្រឹតមួយផ្ទាំងមានអក្សរ ៥៥បន្ទាត់ កម្ពស់ ១០០សង់ទៅម៉ែត្រ ទទឹង ៤០សង់ទៅម៉ែត្រ និងកម្រាស់ ២០សង់ទីម៉ែត្រ ដែលបានរកឃើញនៅការដ្ឋានជួសជុលប្រាសាទទន្លេស្ងួត កាលពីខែមិថុនា ឆ្នាំ២០២០ ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា តាមរយៈលោកសាស្ត្រាចារ្យ អាំង ជូលាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសុំឱ្យអ្នកជំនាញផ្នែកសិលាចារឹកខ្មែរមួយក្រុម ហៅថា Corpus des Inscriptions Khmères (CIK) ដែលភាគច្រើនសមាជិកក្រុមនេះជាអ្នកបម្រើការនៅសាលាបារាំងចុងបូព៌ា ជួយចុះបញ្ជីសារពើភណ្ឌ។
លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួត ប្រហែលជាសិលាចារឹកពុំទាន់ចុះបញ្ជី និងពុំទាន់មានអ្នកបានឃើញពីមុនមកទេ ព្រោះសិលាចារឹកនេះជាថ្មចាស់យកពីកន្លែងផ្សេងមកកសាងប្រាសាទទន្លេស្ងួត (ធ្វើជាកម្រាលផ្លូវដើរ) ដែលកសាងក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧។
ដោយឡែក បើពិនិត្យលើទម្រង់អក្សរសិលាចារឹកនេះវិញ អាជ្ញាធរជាតិអប្សរាបានសន្និដ្ឋានបានថា ពុំមែនជាអក្សរចារក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ទេ ព្រោះអក្សរមានរាងមូលខុសពីអក្សរក្នុងរាជ្យព្រះអង្គរដែលច្រើនមានរាងជ្រុង។ ដូច្នេះទើបអាជ្ញាធរជាតិអប្សរាបានស្នើឱ្យ CIK ជួយពិនិត្យដើម្បីចុះបញ្ជីលេខសម្គាល់។
ក្រោយពិនិត្យផ្ទៀងផ្ទាត់តាមលក្ខណៈបច្ចេកទេសលើព័ត៌មានមួយចំនួនដែលទទួលបានពីអាជ្ញាធរជាតិអប្សរា CIK បានរកឃើញថា សិលាចារឹកនេះ ពិតជាសិលាចារឹកដែលពុំទាន់បានចុះបញ្ជីនៅឡើយមែន ទើប CIK បានសម្រេចចុះបញ្ជីសិលាចារឹកប្រាសាទទន្លេស្ងួត K.1459។
ចំពោះចំនួនសិលាចារឹកជាភាសាខ្មែរបុរាណក្តី ជាភាសាសំស្រ្កឹតក្តី ដែលបានរកឃើញនៅលើទឹកដីកម្ពុជា និងនៅលើអតីតទឹកដីកម្ពុជាដែលបានចុះបញ្ជីរួច ចាប់ពីទស្សវត្សរ៍ឆ្នាំ១៩២០ ដែលមានលោក ចច សឺដេស (George Cœdès) ជាអ្នកដំបូងគេក្នុងការផ្តួចផ្តើមរៀបចំចុះបញ្ជី រហូតមកដល់សព្វថ្ងៃនេះមានចំនួន ១,៤៥៩ផ្ទាំង រួមទាំងសិលាចារឹកប្រាសាទទន្លេស្ងួតដែលទើបចុះបញ្ជីរួចថ្មីៗនេះផង។
លោក ទិន ទីណា បានបញ្ជាក់បន្ថែមថា ចំពោះអក្សរ K ដែលដាក់នៅពីមុខលេខនៃលេខសម្គាល់សិលាចារឹកនីមួយៗ គឺជាអក្សរសម្គាល់អត្តសញ្ញាណសិលាចារឹកខ្មែរ។
ដោយឡែក ចំពោះ ខ្លឹមសារសិលាចារឹកទន្លេស្ងួតនេះ អាជ្ញាធរជាតិអប្សរាកំពុងសហការជាមួយលោក Dominic Goodal អ្នកជំនាញខាងផ្នែកភាសាសំស្រ្កឹត និងលោក Dominique Soutif សមាជិកស្ថាប័នសាលាបារាំងចុងបូព៌ា (លោកទាំងពីរក៏ជាសមាជិក CIK) ដើម្បីប្រែសិលាចារឹកថ្មីនេះ៕