(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត, លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងច្បារមន លោកចៅសង្កាត់ និងប្រជាពលរដ្ឋ អញ្ជើញទៅពិនិត្យចាក់បេតុងកម្រាលស្ពានតាហោទួលធ្នុង ស្ថិតនៅភូមិទួលធ្នុង សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង អភិបាលខេត្ត បានឲ្យដឹងថា ថ្ងៃនេះក្រុមការងារ បានមកពិនិត្យចាក់បេតុងក្រាលកម្រាលស្ពាន ដែលមានទទឹង ប្រវែង១០ម៉ែត្រ បណ្តោយផ្លូវ១៦.២០ ម៉ែត្រ ជាអំណោយរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម។
លោកអភិបាលខេត្ត បានបញ្ជាក់ថា មានសន្តិភាព ទើបមានការអភិវឌ្ឍន៍ ហើយខេត្តកំពង់ស្ពឺ បន្តការកសាងរាល់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាច្រើន ដើម្បីតម្រូវការជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ស្ពាននេះ ជាអំណោយរបស់លោក លឹម គានហោ ផ្តល់ជូនពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃ៕