(ភ្នំពេញ)៖ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក ហម ម៉េងសែ អនុប្រធានសាលាដំបូង បានប្រគល់វត្ថុបុរាណជាច្រើនមុខជូន អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ ដើម្បីរក្សារទុកដាក់ក្នុងសារមន្ទីរជាតិទុកជាកេរ្តិ៍ដំណែល ដែលដូនតារខ្មែរយើងបានក្សារទុកឲ្យកូនខ្មែរជំនាន់ក្រោយ។
ពិធីប្រគល់បត្ថុបុរាណនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដោយចូលរួមទទួលពីលោក អ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ និងលោកឧត្តមសេនីយ៍ទោ លី ឡាយ ប្រធាននាយកដ្ឋានការពារបេតិកភណ្ឌ ក្រសួងមហាផ្ទៃ។
លោក តាំង ស៊ុនឡាយ បានបញ្ជាក់ថា វត្ថុបុរាណទាំងអស់ដែលបានប្រគល់ជូន អគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ គឺត្រូវបានខាងជំនាញវប្បធម៌បញ្ជាក់ថា គឺបានកសាងឡើងពីថ្មភក់ នៅក្នុងកំឡុងសតវត្សទី៧ ៨ ១១ និង១២។
ប្រធានតុលាការ បានបញ្ជាក់ទៀតថា វត្ថុសិល្បៈបុរាណដ៏មានតម្លៃទាំងនេះ ត្រូវបានធ្វើការដកហូតពីជនល្មើសជាយូរមកហើយ តែថ្មីៗនេះដោយសាលាដំបូងរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍សាងសង់អគារថ្មីឃើញវត្ថុមានតម្លៃទាំងនោះនៅក្នុងឃ្លាំងក៏ស្នើសុំឲ្យក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ ដែលជាស្ថាប័នជំនាញទទួលយកដើម្បីរក្សាទុក។
លោកថា «សកម្មភាពនេះជាគំរូដ៏ល្អប្រសើរបំផុតដល់ស្ថាប័នផ្សេងៗទៀត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ព្រោះកន្លងមកបងប្អូនខ្លះមិនមានការយល់ដឹង ហើយតែងតែធ្វើការលួចលាក់រក្សាទុក ដែលនោះជាទង្វើខុសច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធ៌មជាតិ»៕