(ភ្នំពេញ)៖ ផ្លូវមួយខ្សែ ក្នុងភូមិអូរអណ្តូង១ ដែលតែងតែលិចទឹក នៅរដូវវស្សានោះ ចាប់ពីថ្ងៃនេះតទៅ នឹងលែងលិចលង់ទៀតហើយ ដោយការយកចិត្តទុកដាក់ របស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចាប់ស្ថាបនាដោយចាក់ថ្ម លើកឲ្យខ្ពស់ឡើង ធ្វើជាផ្លូវបេតុង។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីសប្បុរសជន បានបើកការដ្ឋានស្ថាបនា ផ្លូវបេតុង១ខ្សែនេះ ក្រោមវត្តមាន លោក ចេង មុនីរ៉ា អភិបាលខណ្ឌ លោក លោកស្រី ជាអភិបាលរង លោកនាយករដ្ឋបាល ចៅសង្កាត់ និងមានការចូលរួម ពីប្រជាពលរដ្ឋជាច្រើននាក់។
លោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ផ្លូវបេតុង១ខ្សែ ដែលបើកការដ្ឋានស្ថាបនានៅថ្ងៃនេះ មានប្រវែងសរុប៦០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ក្នុងពិធីនេះដែរ លោក ចេង មុនីរ៉ា បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដោយសំណូមពរឲ្យប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវបេតុង ត្រូវចូលរួមសហការតាមដានការអនុវត្តគម្រោង និងយោគយល់ដល់ក្រុមការងារ ដែលកំពុងតែជួសជុលកែលំអរផ្លូវបេតុងនេះ។
ចំណែកក្រុមហ៊ុនអ្នកម៉ៅការក្នុងការស្ថាបនា ត្រូវប្រកបដោយគុណភាព ដើម្បីជាគុណប្រយោជន៍ ដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ រយៈពេលយូរ ហើយរដ្ឋបាលខណ្ឌ ទទួលបានការសរសើរពីប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ ក្នុងការផ្តល់ព័ត៌មានផ្សេងៗ ពាក់ព័ន្ធភាពមិនប្រក្រតី នៅក្នុងមូលដ្ឋាន ជាពិសេសមុនសញ្ញា មិនបទល្មើសដែលបង្កជាអសន្តិសុខសង្គម។
លោកថា រាល់ការផ្តល់ព័ត៌មានរបស់បងប្អូន អាជ្ញាធរនិងរក្សាការសម្ងាត់ជូន ហើយក៏មានន័យថា បងប្អូនបានចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្ត គោលនយោបាយ (ភូមិ សង្កាត់ មានសុវត្ថិភាព) ឲ្យមានប្រសិទ្ធភាព។ យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពសង្គម ដើម្បីជំរុញឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត។
នៅចំពោះមុខប្រជាពលរដ្ឋ លោក ចេង មុនីរ៉ា បានថ្លែងថា ក្រោមការផ្តល់មូលនិធិរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ ជារៀងរាល់ឆ្នាំ រដ្ឋបាលខណ្ឌ បានធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន បានជាបន្តបន្ទាប់តាមតំរូវការជាអាទិភាព មានជាអាទិ៍ ការស្ថាបនាជួសជុលផ្លូវ ការរៀបចំប្រព័ន្ធលូ ការបំពាក់ភ្លើងសាធារណៈ ជាដើម។
ក្រៅពីមូលនិធិរបស់ រាជរដ្ឋាភិបាល រដ្ឋបាលខណ្ឌ ក៏បានខិតខំគៀងគរសប្បរសជនក្នុងមូលដ្ឋាន បានចូលរួមកសាងសមិទ្ធផលជាបន្តបន្ទាប់ ដើម្បីបំរើជាប្រយោជន៍សាធារណៈ ឆ្លើយតបតាមសំណូមពរ តំរូវការរបស់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានខិតខំយកចិត្តទុកដាក់ខ្ពស់ លើការផ្តល់សេវាសាធារណៈ តាមរយៈការិយាល័យច្រកចេញចូលតែមួយ តាមគោលការណ៍ កំណត់ ប្រកបដោយប្រសិទ្ធភាព រហ័ស និងមានតម្លាភាព ស្រមតាមអនុសាសន៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «ធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លាភាព» ជូនប្រជាពលរដ្ឋ។
នៅចុងបញ្ចប់ នៃពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងនេះដែរ លោកអភិបាលខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ត្រូវរាយការណ៍ ដល់អាជ្ញាធរភូមិ សង្កាត់ អំពីបងប្អូន ឬអ្នកជិតខាងណា ដែលទើបត្រឡប់មកពីក្រៅប្រទេស ដើម្បីណែនាំពួកគាត់ ចូលរួមបង្ការជំងឺ COVID-19 ដើម្បីសេចក្តីដល់បងប្អូន នៅក្នុងសហគមន៍យើង៕