(ភ្នំពេញ)៖ សាលាឯកជនមួយចំនួន កំពុងត្រៀមលក្ខណៈជាស្រេច ក្នុងការរៀបចំប្រព័ន្ធការពារ និងធ្វើឲ្យសាលាមានស្តង់ដារខ្ពស់ ខណៈពេលដែលរាជរដ្ឋាភិបាលថា នឹងឲ្យសាលាណាដែលមានស្តង់ដារសុវត្ថិភាពខ្ពស់ចំនួន២០ បើកដំណើរការឡើងវិញ នៅក្នុងអំឡុងខែសីហា ឆ្នាំ២០២០ខាងមុខនេះ។
មានរយៈពេល ៥ខែមកហើយ ពោលតាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេក្តីណែនាំមួយ ដោយសម្រេចឲ្យសិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់ នៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ (វិស្សមកាលតូច) រហូតដល់មានការជូនដំណឹងថ្មី។ ការសម្រេចរបស់ក្រសួងអប់រំនេះ ធ្វើឡើងដើម្បីជាវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់ នូវការរីករាលដាលមេរោគកូវីដ១៩។
លោក គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលី ជេ.គួច អេឌអេឌ្យូខេសិន ដែលគ្រប់គ្រងលើសាលា AIS និង Aii បានឲ្យដឹងថា សាលាឯកជនរបស់លោក បានត្រៀមលក្ខណៈជាស្រេច ដើម្បីឲ្យសាលាមានស្តង់ដារសុវត្ថិភាពខ្ពស់ មុនពេលបើកដំណើរការឡើងវិញ ក្នុងសម័យកូវីដ១៩។ លក្ខណៈត្រៀមខ្លួននោះ គឺលោករៀបចំតាមការណែនាំ របស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO)។
លោក គួច ម៉េងលី បានឲ្យដឹងបន្តថា នៅក្នុងបន្ទប់រៀនតម្រូវឲ្យដាក់សិស្សមិនឲ្យលើស ១៥នាក់ឡើយ ហើយគម្លាតពីតុមួយទៅតុមួយទៀត មានរយៈចម្ងាយ ១ម៉ែត្រកន្លះ។ បន្ថែមលើនេះ នៅក្នុងបរិវេណសាលា មានបិទសញ្ញាពីវិធីសាស្ត្រលាងដៃ វិធីសាស្ត្រពាក់ម៉ាស មានដាក់អាល់កុល ឬជែល និងសាប៊ូសម្រាប់លាងដៃជាដើម។
លើសពីនេះទៅទៀត សាលាឯកជនរបស់ លោក គួច ម៉េងលី មានការសម្អាតបន្ទប់ទឹក ១ម៉ោងម្តង ខណៈដែលសាលាមានអ្នកប្រចាំការសម្អាតជាប់ជានិច្ច រួមមាន Deep Cleaning និង House Keeping ហើយស្របពេលជាមួយគ្នានោះ សាលានេះក៏មានក្រុមបាញ់សម្លាប់សត្វល្អិត និងមេរោគផ្សេងៗទៀតផង។ សាលាឯកជននេះដែរ ក៏មានការវាស់កម្តៅសិស្ស បុគ្គលិក និងគ្រូបង្រៀន ខណៈក្នុងថ្នាក់វិញ ត្រូវបានរៀបចំឲ្យមានឧបករណ៍រក្សាសីតុណ្ហភាព ២៤អង្សាជានិច្ច។
លោក គួច ម៉េងលី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «និយាយរួមទៅតាំងពីកម្តៅ តាំងពីអាល់កុល តាំងពីសាប៊ូ តាំងពីគម្លាតក្នុងថ្នាក់ តាំងពីសីតុណ្ហភាពយើងរក្សាឲ្យបាន ២៤អង្សាជានិច្ច។ យើងបានបង្រៀនបុគ្គលិក បង្រៀនសិស្ស និងចេញវីដេអូឲ្យប្រជាពលរដ្ឋ មាតាបិតាសិស្សយល់ពីវិធានការក្នុងសាលា។ យើងមានពេទ្យ ដែលជាសាលាដំបូងគេហើយមានតែមួយដែរ ដែលមានពេទ្យប្រចាំសាលា»។
សាលាឯកជនរបស់ លោក គួច ម៉េងលី មាន១២ទីតាំង ក្នុងនោះ AIS មាន៦សាខា និង Aii មាន៦សាខា និងមានសិស្សជាង ១៤៥០០នាក់។ ការរៀបចំខ្លួនបើកសាលាឡើងវិញ នៅសម័យកូវីដ១៩នេះ លោក គួច ម៉េងលី បានចំណាយថវិកាយ៉ាងច្រើន គឺច្រើនជាងការចំណាយធម្មតាលើស ១០ដងឯណោះ ប៉ុន្តែលោកនៅមិនទាន់បញ្ជាក់បានពីទឹកប្រាក់ ដែលត្រូវចំណាយឡើយ
លោកថ្លែងថា «ការរៀបចំសម្ភារ និងត្រៀមខ្លួននេះ យើងចំណាយអស់ច្រើនណាស់ ប៉ុន្តែយើងមិនទាន់លម្អិតថាប៉ុន្មាននោះទេ។ សិស្សយើងមានច្រើន យើងត្រូវការទិញសាប៊ូ អាល់កុល និងសម្ភារច្រើន ហើយយើងត្រូវការអនាម័យបន្ថែម ដើម្បីបោសជូតគ្រប់កន្លែង។ យើងចំណាយច្រើនមែនទែន បើគិតនឹងការចំណាយមុនកូវីដ មានចំនួន១គុណនឹង១០»។
នៅមានសាលាឯកជននានាជាច្រើនទៀត សុទ្ធតែបានរៀបចំខ្លួនឲ្យមានស្តង់ដារខ្ពស់ ដើម្បីត្រៀមខ្លួនបើកសាលាឡើងវិញ នៅអំឡុងខែសីហាខាងមុខនេះ ក្នុងនោះសាលារៀនវេសឡាញ ក៏បានរៀបចំខ្លួន តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាគោលការណ៍សុវត្ថិភាព ដែលអន្តរជាតិអនុវត្តន៍ផងដែរ។
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានឲ្យដឹងថា «សាលាវេសឡាញបានរៀបចំខ្លួនច្រើន ហើយនៅក្នុងនេះ យើងយកនីតិវិធីណែនាំរបស់ក្រសួងជាគោល ដែលត្រូវបានចែកចាយ បូកនឹងស្តង់ដារមួយចំនួន ដែលប្រទេសដទៃអនុវត្តន៍ដូចជា សិង្ហបូរី និងទីក្រុងហុងកុងជាដើម»។
លោកបន្តថា សាលាបានត្រៀមឲ្យមានអាល់កុល ឬជែល និងសាប៊ូលាងដៃ ស្ទើរតែគ្រប់កន្លែងក្នុងបរិវេណសាលា ហើយជាពិសេសក្នុងមួយបន្ទប់ តម្រូវឲ្យដាក់សិស្សមិនឲ្យលើសពី ១៥នាក់ឡើយ។ លើសពីនេះ សាលាបង្កើតឲ្យមានការរៀនឆ្លាស់គ្នា មានន័យថា ចំពោះមេរៀនមួយចំនួនឲ្យរៀននៅផ្ទះតាមអនឡាញ ហើយមេរៀនខ្លះឲ្យពួកគាត់មករៀននៅសាលា។
សាលាវេសឡាញ បានបង្កើតរបាំងមុខសម្រាប់សិស្ស គ្រូ និងបុគ្គលិក ធ្វើការសន្ទនាគ្នាមិនឲ្យខ្ទាតដំណក់ទឹកមាត់តូចៗប៉ះគ្នា ដែលនេះជាវិធានការមួយល្អ និងគេចបានពីជំងឺឆ្លងតាមខ្យល់ដង្ហើមផ្សេងៗ។ បន្ថែមលើនេះ សាលាមានកាលវិភាគសម្អាតត្រឹមត្រូវ ធ្វើយ៉ាងម៉េចឲ្យបរិវេណសាលាស្អាតជានិច្ច ហើយចំពោះគ្រូបង្រៀន បុគ្គលិកណា ដែលត្រូវទៅក្រៅប្រទេស ដោយមិនអាចខានបាន គេត្រូវតាមដានគាត់ជានិច្ច ដើម្បីធានាថាមានសុខភាពល្អ មុនពេលគាត់វិលចូលបរិវេណសាលាវិញ។
លោក ប៉ិច ឡែន បានបន្ថែមថា «ការវាស់កម្តៅវិញ យើងគ្រោងនឹងដាក់តាមប្រព័ន្ធស្វ័យប្រវត្តិមួយចំនួន ដើម្បីចៀសវាងការដែលយើងវាស់ដោយឧបករណ៍តូចៗ។ យើងអាចប្រើឧបករណ៍ទំនើបបន្តិច ដើម្បីវាស់កម្តៅប្រកបដោយភាពងាយស្រួល»។
លោកបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះសាលាវេសឡាញមាន ១៣ទីតាំង និងមានសិស្សប្រមាណ ១៣០០០នាក់។ ចំពោះថវិកាវិញ លោកគិតត្រួសៗអស់ ១០ម៉ឺនដុល្លារអាមេរិក ដើម្បីត្រៀមចូលរួមការពារ និងបង្ការកូវីដ ពេលបើកសាលាឡើងវិញ។
ក្រសួងអប់រំយុវជន និងកីឡា បានកំណត់នូវគោលការណ៍តម្រូវជាចាំបាច់ ចំនួន៦ចំណុច ឲ្យសាលាឯកជនចំនួន២០ ដែលទទួលការអនុញ្ញាត ឲ្យសាកល្បងបើកដំណើរការនៅខែសីហា ខាងមុខនេះ។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។
លោកបានបញ្ជាក់ឲ្យដឹងថា ដើម្បីឈានដល់ការចុះអនុស្សរណៈយោគយល់គ្នា សាកល្បងបើកដំណើរការ ដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ តាមស្មារតីលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រសួងអប់រំបន្តណែនាំ ត្រួតពិនិត្យ វាយតម្លៃការរៀបចំរបស់គ្រឹះស្ថានសិក្សាឯកជន ចំនួន២០ លើគោលការណ៍តម្រូវ ដូចខាងក្រោម៖
១៖ ការរៀបចំបរិស្ថានសាលា អគារសិក្សា និងការរៀបចំថ្នាក់រៀន (ចំនួនសិស្សក្នុងថ្នាក់រៀន ដែលគោរពបាននូវគម្លាតសុវត្ថិភាព) ដោយត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ជាពិសេសគ្រឹះស្ថានសិក្សាត្រូវបាញ់ថ្នាំសម្លាប់មេរោគជាទៀងទាត់ និងត្រូវបំពាក់ឧបករណ៍ សម្រាប់សម្លាប់មេរោគតាមស្តង់ដារ។
២៖ គ្រូបង្រៀន សិស្ស និងបុគ្គលិកគ្រឹះស្ថានសិក្សា ត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ មុនដំណើរការសាលា។
៣៖ ក្នុងករណីគ្រឹះស្ថានសិក្សាទាំងនេះ មានការធ្វេសប្រហែស ឬល្មើសនឹងអនុស្សរណៈយោគយល់គ្នា គ្រឹះស្ថានសិក្សាទាំងនោះនឹងត្រូវទទួលការព្រមាន និងឈានទៅផ្អាកដំណើរការបណ្តោះអាសន្ន។
៤៖ គ្រឹះស្ថានសិក្សាទាំងនេះ ត្រូវបន្តអនុវត្តនូវវិធីសាស្ត្រសិក្សាតាមបែបចម្រុះ គឺការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន ព្រមទាំងគោរពនូវពិធីសារសុវត្ថិភាពសុខភាពសិក្សា។
៥៖ ក្រសួងនឹងចេញគោលការណ៍ណែនាំ ស្តីពីលក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សា ក្នុងបរិបទកូវីដ ជាមូលដ្ឋានគោលសម្រាប់ការរៀបចំ ពិធីសារសុវត្ថិភាពសុខភាព សិក្សារបស់គ្រឹះស្ថានសិក្សា។
៦៖ គ្រឹះស្ថានសិក្សាត្រូវអនុវត្តន៍វិធានការតម្រូវនានា។
លោក រស់ សុវាចា បានបន្ថែមថា ផ្អែកតាមបទពិសោធន៍ និងការវាយតម្លៃការអនុវត្តដំណាក់កាលទី១ ទើបក្រសួងអប់រំ អាចកំណត់បាន នូវជំហានបន្តបន្ទាប់សម្រាប់ដំណាក់កាលទី២ និងដំណាក់កាលទី៣។
សូមជម្រាបថា រាជរដ្ឋាភិបាល នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក៏បានយល់ព្រមជាគោលការណ៍ឲ្យក្រសួងអប់រំ សាកល្បងបើកដំណើរការឡើងវិញ នៅដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ គ្រឹះស្ថានសិក្សាឯកជនមានស្តង់ដាខ្ពស់ចំនួន២០ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ដោយអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការ WHO៕
លោក គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលី ជេ.គួច អេឌអេឌ្យូខេសិន
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប
លោក រស់ សុវាចា អ្នកនាំពាក្យនៃក្រសួងអប់រំ យុវជន និងកីឡា