(ស្វាយរៀង)៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារអធិការដ្ឋាន នគរបាលក្រុងស្វាយរៀង ដែលចំណាយថវិកាអស់ជាង ៧ម៉ឺនដុល្លារ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់កងកម្លាំងទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវធ្វើ វេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋធ្វើឲ្យបានដូចភ្លៀងរលឹម ដើម្បីស្វែងយល់ អំពីមូលដ្ឋាន ស្ដាប់សំណូមពរ ស្តាប់កង្វល់ ស្តាប់បញ្ហាអ្វីដែលកើតឡើង នៅមូលដ្ឋានស្ដាប់ ហើយដោះស្រាយឲ្យបានទាន់ពេលវេលា ក្នុងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង ៩ ចំណុចឲ្យបានជោគជ័យ។
លោកបានបន្តថា ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត សូមថ្លែងកោតសរសើរ ដល់កងកម្លាំងនគរបាលទាំងអស់ ជាពិសេសអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដែលកន្លងមកបានខិតខំ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការរក្សាសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់បានល្អប្រសើរ ជូនប្រជាពលរដ្ឋ និងបានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជានានារបស់រាជរដ្ឋាភិបាល និងបានចូលរួមចំណែកក្នុងការ ផ្សព្វផ្សាយវិធានការទប់ស្កាត់ នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ជាពិសេសក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ដោយផ្តល់ភាពកក់ក្តៅ និងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មកលើកម្លាំងនគរបាលយើង។
លោក ម៉ែន វិបុល បានថ្លែងទៀតថា កងកម្លាំងរបស់យើង មិនត្រឹមតែជាកម្លាំងប្រដាប់អាវុធ ដែលមានភារកិច្ចក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកងកម្លាំង គាំទ្រដ៏សំខាន់ ក្នុងការកសាងសមិទ្ធផលនានា ជាក់ស្ដែងអាគារធ្វើការថ្មី នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដែលកំពុងរៀបចំសម្ពោធដាក់ ឲ្យប្រើប្រាស់នៅថ្ងៃនេះ ដោយកើតចេញពីការ ចូលរួមចំណែកចែករំលែកសហការ និងសាមគ្គីភាពពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ដឹកនាំទាំងកងកម្លាំង និងសប្បុរសជន វិស័យឯកជនជាពិសេស លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តស្វាយរៀង កន្លងមកលោកស្រី បានយកចិត្តទុកដាក់ដល់កម្លាំង និងបានជំរុញការរៀបចំកន្លែងធ្វើការ ឲ្យបានសមរម្យ ហើយក៏បានចូលរួមថវិកាយ៉ាងច្រើន ក្នុងការកសាងអាគារនៅតាមអធិការដ្ឋាននានា ក្នុងខេត្តស្វាយរៀងផងដែរ។
លោកបានថ្លែងផ្តាំផ្ញើ ដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ ជាពិសេសគឺនៅទីប្រជុំជនដូចជានៅក្រុងស្វាយរៀង ក្រុងបាវិតដែលក្រុងទាំងពីរនេះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ ហើយក៏ជាទីតាំងមួយដែលប្រមូលផ្ដុំដោយសណ្ឋាគារ កាស៊ីណូ អាហារដ្ឋាន ភោជនីយដ្ឋានផ្ទះសំណាក់និងផ្សារ កន្លែងកម្សាន្តផ្សេងៗ ដែលតម្រូវឲ្យសមត្ថកិច្ចយើងធ្វើការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងមានជំនឿទុកចិត្តបាន។
លោកក៏បានថ្លែងជំរុញឲ្យកងកម្លាំងទាំងអស់ ត្រូវបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានខ្លាំងក្លាបន្តទៀត ដើម្បីដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវបង្កើន ការបង្ក្រាបបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ និងត្រូវបង្ក្រាបមុខសញ្ញាបងធំ បងតូចនៅមូលដ្ឋាន ដាច់ខាតគឺមិនឲ្យមានកើតឡើងទេ។ មួយវិញទៀតចៅសង្កាត់ និងនគរបាលប៉ុស្តិ៍ទាំងអស់ ត្រូវពិនិត្យមើលអំពីអត្ដសញ្ញាណកម្មជនក្រីក្រ មានក្រ១ ក្រ២ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ក្នុងអំឡុងពេលកូវីដ១៩ ដូច្នេះត្រូវស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលក្រពិតប្រាកដដើម្បីធ្វើយ៉ាងណា កុំឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ឲ្យសោះ។
ក្នុងឱកាសនោះ លោក ម៉ែន វិបុល និងក្រុមការងារ បានប្រគល់អំណោយមួយចំនួន ដល់អធិការដ្ឋានគរបាលក្រុងស្វាយរៀង និងបានដោះស្រាយសំណូមពរមួយចំនួន របស់អធិការដ្ឋាន ដែលបានស្នើដល់រដ្ឋបាលខេត្ត ឲ្យជួយដោះស្រាយផងដែរ៕