(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការឡើងវិញ នៅដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ នូវគ្រឹះស្ថានសិក្សាឯកជន មានស្តង់ដាខ្ពស់ចំនួន ២០ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ ៦៩៥ សជណ.អវ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅយប់ថ្ងៃទី២១ ខែកក្កដានេះ។

បើទោះរាជរដ្ឋាភិបាលយល់ព្រមឲ្យសាកល្បងបើកដំណើរការឡើងវិញ នៅដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ ក៏ពិតមែន ប៉ុន្តែសាលាទាំង២០នោះត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO)៕