(ភ្នំពេញ)៖ ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ បានទទួលស្គាល់កំហុសរបស់ខ្លួន និងយល់ព្រមបង់ការផាកពិន័យ១លានរៀល ជាមួយនឹងការសន្យាឈប់រត់គេចតទៅទៀត។ នេះបើតាម កិច្ចសន្យារបស់ស្រ្តីខាងលើ នៅចំពោះមុខរដ្ឋបាលខេត្តកំពង់ចាម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ។

ក្នុងកិច្ចសន្យានោះ ស្រ្តីខាងលើបានបញ្ជាក់ដូចតទៅ៖

* យល់ព្រមទទួលកំហុសដែលបានប្រព្រឹត្តទៅ នៅវេលាយប់ម៉ោង៦៖៣០នាទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដែលមិនបានអនុវត្តតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរីករាលដាលជាអន្តរជាតិ នៃជំងឺក្នុងការគេចវេស (លួចរត់) ក្នុងអំឡុងពេលចិត្តាឡីស័កកម្រិត២ នៅសណ្ឋាគារមួយកន្លែងនៅភ្នំពេញ។

* យល់ព្រមទទួលបង់ពិន័យអន្តរការណ៍ជាប្រាក់ចំនួន ១លានរៀល ដោយយោងតាមអនុក្រឹត្យស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូលនៅក្នុងជំពូក៥ ស្ដីពីទណ្ឌកម្មនៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១២៩ អនក្រ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥។

* សន្យាថា នឹងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងត្រឹមត្រូវក្នុងអំឡុងពេលអនុវត្តវិធានការសុខាភិបាលចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ដោយមិនគេចវេះ ឬរត់ចេញពីក្នុងបន្ទប់នៃសណ្ឋាគារឡើយ។

សូមបញ្ជាក់ថា ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា ត្រូវបានគេដឹងថា បានរត់ចេញពីមណ្ឌលចត្តាឡីស័កនៅរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៧ ខែកក្កដា ហើយក៏ត្រូវបានសមត្ថកិច្ចស្វែងរកឃើញ នៅក្នុងផ្ទះសំណាក់មួយ ក្នុងទីរួមខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងរូបនេះ បានចូលមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយរូបនាងបានធ្វើដំណើរក្នុងយន្តហោះជាមួយមន្ត្រីស្ថានទូតអាមេរិកពីររូប ដែលរកឃើញមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។ ស្ត្រីរូបនេះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ក្រោយមកដល់កម្ពុជា។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា នេះជាករណីលើកដំបូង ដែលមានមនុស្សរត់ចេញពីមណ្ឌលចត្តាឡីស័ក នៅក្នុងប្រទេសកម្ពុជា ខណៈដែលកន្លងទៅធ្លាប់មានតែករណីគេចមិនឱ្យធ្វើតេស្តតែប៉ុណ្ណោះ។

បន្ទាប់ពីមានការរត់ចេញនេះ ក្រសួងសុខាភិបាលកម្ពុជា បានស្វែងរកឃើញអ្នកពាក់ព័ន្ធនឹងស្ត្រីខ្មែរជនជាតិអាមេរិក ចំនួន១០នាក់ ក្រោយពីរូបគាត់បានរត់ចេញពីមណ្ឌលចិត្តាឡីស័កភ្នំពេញ ទៅកាន់ខេត្តកំពង់ចាម ហើយក្រសួងសុខាភិបាលកំពុងតែតាមដានលើអ្នកពាក់ព័ន្ធទាំងនោះដោយមិនទាន់មានវិធានការអ្វីផ្សេងឡើយ៕