(វ៉ាស៊ីនតោន)៖ រដ្ឋធានី Washington, D.C និងរដ្ឋចំនួន៥ទៀត ស្ថិតនៅតាមបណ្តោយនៃឈូងសមុទ្រ ភាគខាងកើតសហរដ្ឋអាម៉េរិក នៅថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់រដ្ឋស្ថិតក្នុងភាពអាសន្ន ខណៈតំបន់ទាំងនោះ កំពុងទទួលរងព្រុះព្រិលជាប្រវត្តិសាស្ត្រមួយ នាចុងសប្តាហ៍កន្លងទៅ ដែលត្រូវបានគេរំពឹងថា នឹងធ្លាក់ព្រិលរហូតដល់កម្រាស់ជាងកន្លះមែត្រ នេះបើតាមព័ត៌មាន Xinhua ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ។
ខណៈក្រុមអាជ្ញាធរនៅក្នុងរដ្ឋ Washington, D.C., Tennessee, North Carolina, Virginia, Maryland និងរដ្ឋ Pennsylvania ភ្នាក់ងារសេវាកម្មអាកាសធាតុជាតិ ក៏បានធ្វើការតាមដានពីស្ថានភាពខ្យល់ព្យុះផងដែរ នៅតាមផ្លូវនៃខ្យល់ព្យុះ ដែលវាយប្រហារពីរដ្ឋ Arkansas ឆ្លងកាត់រដ្ឋ Tennessee និងរដ្ឋ Kentucky ឆ្ពោះទៅកាន់រដ្ឋដែលស្ថិតនៅ ពាក់កណ្តាលមហាសមុទ្រអង់ត្លង់ទិក។
ស្ថានភាពចុងក្រោយ ក្នុងនោះរួមមាន ខ្យល់បោកបក់ខ្លាំង និងព្យុះកើនឡើងយ៉ាងឆាប់រហ័ស ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅរសៀលថ្ងៃសុក្រ រហូតដល់យប់ថ្ងៃសៅរ៍។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ធំៗ បានចាប់ផ្តើមលុបជើងហោះហើរ សម្រាប់ថ្ងៃសុក្រ និងថ្ងៃសៅរ៍។ យោងតាមក្រុមហ៊ុន FlightAware ជាក្រុមហ៊ុនតានដានជើងហោះហើរ បានឲ្យដឹងថា យ៉ាងហោចណាស់ជើងហោះហើរចំនួន ២,០០០ នៅថ្ងៃសុក្រ និង ៣,០០០ជើងផ្សេងទៀត នៅថ្ងៃសៅរ៍ ត្រូវបានគេរំពឹងថា នឹងត្រូវបានលុបចោល៕