(ភ្នំពេញ)៖ លទ្ធផលនៃការអនុវត្តការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហាញថា មានយានយន្ត ដែលចូលគោលដៅ មានចំនួន៤៣,៩៩៣ គ្រឿង ក្នុងនោះ មានម៉ូតូ ៥៧ភាគរយ។ ចំនែកយានយន្តដែលល្មើសច្បាប់វិញ មានចំនួន ៩,០១០គ្រឿង ស្មើ ៦១ភាគរយ។ ចំពោះការអប់រំ វិញ មានយានយន្ត ៤,១៦៥គ្រឿង ៤៦ភាគរយ និងការពិន័យ មានយានយន្ត ៤,៨៤៥គ្រឿង បង់ប្រាក់បាន ៦៩ភាគរយ។
បើប្រៀបធៀបថ្ងៃម្សិលមិញ មានការកើនឡើង ជិត២ពាន់គ្រឿង។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះដែរ ប៉ូលិសចរាចរណ៍ល្មើស មានចំនួន ៩,០១០គ្រឿង ចំណែកថ្ងៃម្សិលមិញ យានយន្តដែលល្មើសមានចំនួន ៧,៣២២គ្រឿង ។ នេះបើយោងតាមលទ្ធផលនៃការអនុវត្តការ ត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២២ ខែមករានេះ។
យោងតាមរបាយការណ៍ដដែលបានបង្ហាញថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ សម្រាប់យានយន្ត ដែលចូលគោលដៅ មានចំនួន ៧០៣,៧៩០ គ្រឿង ក្នុងនោះ មានម៉ូតូ ៦០ភាគរយ។ ចំនែកយានយន្ត ដែលល្មើសច្បាប់វិញ មានចំនួន ១៥៥,២៩០គ្រឿង ស្មើ ៦១ភាគរយ។ ចំពោះការអប់រំ វិញ មានយានយន្ត ៧៥២,២៥៤គ្រឿង ៤៨ភាគរយ និងផាកពិន័យ បាន ៨០,០៣៦ គ្រឿង បង់ប្រាក់ពិន័យ៧៣ភាគរយ។
សម្រាប់របាយការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ បង្ហាញថា មានមនុស្សស្លាប់បាត់បង់ជីវិត តែ៧នាក់ រងរបួសធ្ងន់ ៨នាក់ និងរងរបួសស្រាល៤នាក់៕