(ភ្នំពេញ)៖ ភាគីម្ខាងដែលជាអ្នកលក់ដីមួយកន្លែងនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយមានទំនាស់ជាមួយភាគីអ្នក (កក់ប្រាក់)ទិញដែលជា ប្រធានតុលាការនោះ កំពុងទាមទាររកយុត្តិធម៌ នៅពេលដែលតុលាការក្រុងភ្នំពេញបានចេញដីកា សម្រេច២លើកដោយមិនត្រឹមតែរឹបអូសដីទំនាស់ នៅខណ្ឌជ្រោយចង្វារនោះទេ ថែមទាំងរឹបអូសដល់ផ្ទះរបស់គាត់ រស់នៅក្នុងខណ្ឌច្បារអំពៅ ដែលមិនស្ថិតនៅក្នុងកម្មវត្ថុ នៃការទិញ-លក់ដីថែមទៀត។
ចំពោះរឿងនេះភាគីដើមបណ្តឹងគឺ លោក ឌិន ស៊ីវុទ្ធី ដែលជាប្រធានតុលាការខេត្តក្រចេះ និងជាអតីតអនុប្រធានតុលាការរាជធានីភ្នំពេញ។ ចំណែកភាគីចុងចោទគឺលោកស្រី ហ៊ុន ណារី ជាម្ចាស់អចលនវត្ថុទាំងពីរកន្លែងខាងលើ ដែលត្រូវតុលាការរឹបអូសបណ្តោះអាសន្ននោះ។
លោកស្រី ហ៊ុន ណារី ដែលជាភាគីអ្នកលក់ដីទំហំ៤៥០ម៉ែត្រការ៉េ នៅខណ្ឌជ្រោយចង្វារឱ្យដឹងថា លោកស្រីបានចុះកិច្ចសន្យាលក់ដីទំហំទទឹង ១៥ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ (ស្មើ៤៥០ម៉ែត្រការ៉េ) នៅខណ្ឌជ្រោយចង្វារ ឱ្យទៅលោក ឌិន ស៊ីវុទ្ធី ដែលជាប្រធានតុលាការខេត្តក្រចេះ ក្នុងតម្លៃ៥០០ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ ហើយទទួលបានប្រាក់កក់ ៤៥០០០ដុល្លារអាមេរិក ចាប់តាំងពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ ដោយសន្យាថា នឹងរត់ការផ្ទេរប្លង់ក្នុងរយៈពេល៣ខែពោលគឺ អចលនវត្ថុដែលត្រូវលក់គឺមានទីតាំងស្ថិតនៅ ប្លុកA របស់គម្រោងអភិវឌ្ឃន៍ទីក្រុងរណបជ្រោយចង្វារ ហើយប្លង់កម្មសិទ្ធិគឺមិនទាន់មាននៅឡើយទេ ត្បិត ធនាគារកាណាឌីយ៉ា និងសាលារាជធានីភ្នំពេញ ត្រូវចេញប័ណ្ណកម្មសិទ្ធិឲ្យនៅពេលដែលការតវ៉ា ជាមួយនឹងលោកស្រីត្រូវបានដោះស្រាយ ដូច្នេះហើយទើបកិច្ចសន្យាបញ្ជាក់យ៉ាងច្បាស់ថា អំឡុងពេលនៃការរត់ការផ្ទេរកម្មសិទ្ធិគឺ ធ្វើឡើងក្នុងអំឡុងពេល៣ខែ។
លោកស្រីបានបន្ថែមថា អំឡុងពេលនេះមិនទាន់បានកន្លងហួសផង ស្រាប់តែ លោក ឌិន ស៊ីវុទ្ធី ធ្វើលិខិតជូនដំណឹងទៅ លោកស្រី ហ៊ុន ណារី ថាពិបាកទាក់ទង ទូរស័ព្ទពុំលើក ហើយថា លោកស្រីមានករណីយកិច្ចយកអត្តសញ្ញាណបណ្ណពីគាត់ដើម្បីផ្ទេរកម្មសិទ្ធិ មិនឲលើសពី៣ថ្ងៃ តែក្នុងកិច្ចព្រមព្រៀង គ្មានកំណត់រយៈពេល៣ថ្ងៃនោះទេ គឺមានតែ៣ខែ ហើយទារឲលោកស្រីសងប្រាក់ពិន័យគុណនឹងពីរដងឱ្យទៅគាត់។
លោកស្រី ហ៊ុន ណារី បានលើកឡើងថា គាត់មិនមែនមិនចង់លក់ដីឲ្យលោក ឌិន ស៊ីវុទ្ធី នោះទេ តែទង្វើរបស់គាត់ បានធ្វើឲខូចខាតផលប្រយោជន៍ដែលលោកស្រីត្រូវបានបន្ថែម ពីធនាគារកាណាឌីយ៉ា ដែលគេកំពុងតែគិតគូរពិចារណា បន្ថែមភាគរយនៃទំហំផ្ទៃដីដែលជាកម្មវត្ថុនៃការទិញ-លក់នេះមកឲ្យលោកស្រី មានន័យថាបើធនាគារកាណាឌីយ៉ា ដោះស្រាយបន្ថែមទំហំផ្ទៃដីលើសពី៤៥០ ម៉ែត្រការ៉េ ផ្ទៃដីដែលនៅសល់នោះគឺជាកម្មសិទ្ធិរបស់លោកស្រី តែផ្ទុយទៅវិញ លោក ឌិន ស៊ីវុទ្ធី បានទៅទាក់ទងជួបជាមួយធនាគារថា ដីដែលកំពុងដោះស្រាយជាមួយលោកស្រី គាត់បានទិញយកហើយ ពេលនោះធនាគារបញ្ចប់ការដោះស្រាយ ចរចារជាមួយលោកស្រីតែម្តង។
លោកស្រី ហ៊ុន ណារី បានបន្ថែមទៀតថា រឿងនេះ គាត់បំផ្លាញទាំងផលប្រយោជន៍លោកស្រីត្រូវបានជាមួយធនាគារ គាត់បំផ្លាញទាំងកិត្តិយសរបស់លោកស្រី និងពេលវេលារបស់លោកស្រីថែមទៀតផង។ លោកស្រីបានលើកឡើងថា លោកស្រីជាប្រជាជន គ្មានហេតុផលអី ដែលចង់ទៅឈ្លោះជាមួយអ្នកច្បាប់ ហើយគេជាប្រធានតុលាការផង នោះទេ។
លោកស្រី បានបញ្ជាក់ថា ការធ្វើកិច្ចសន្យាទិញដីនេះមិនទាន់ផុតកំណត់ផង ភាគីលោក ឌិន ស៊ីវុទ្ធី បានដាក់ពាក្យប្តឹងទៅតុលាការក្រុងភ្នំពេញ ហើយចៅក្រមតុលាការបានចេញសេចក្តីសម្រេច២ដង ដោយរឹបអូសជាបណ្តោះអាសន្ននូវដីដែលជាកម្មវត្ថុក្នុងការទិញលក់នេះផង និងផ្ទះរបស់លោកស្រីមួយកន្លែងទៀតនៅផ្ទះលេខ១០៧B ផ្លូវលេខ៣៥៧ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមិនមែនជាកម្មវត្ថុ ក្នុងកិច្ចសន្យានេះ ធ្វើឱ្យលោកស្រីមិនអាចធ្វើអ្វីៗបានទាំងអស់ក្រៅពីរស់នៅក្នុងផ្ទះនោះ។ លោកស្រី បានចាត់ទុកថាការសម្រេចនេះ ជារឿងអយុត្តិធម៌ ហើយថាហាក់ដូចជាតុលាការសម្រេចសេចក្តី បំពានទៅលើច្បាប់ទាំងស្រុង បើឃាត់តែដីទំនាស់ គឺមិនអីនោះទេ ព្រោះដីនោះមានតម្លៃជាង២០ម៉ឺនដុល្លារអាមេរិកដែរ ហើយលុយកក់ លោកស្រីទទួលបានត្រឹម ៤៥,០០០ ដុល្លារ អាមេរិកតែប៉ុណ្ណោះ ហេតុអីមកឃាត់ផ្ទះ ជាង១លានដុល្លារអាមេរិក របស់លោកស្រី តើលោក ឌិន ស៊ីវុទ្ធី និងតុលាការកំពុងតែមានបំណងធ្វើអ្វី?
សូមបញ្ជាក់ថា ករណីនេះតុលាការក្រុងភ្នំពេញ បានចេញសេចក្តីសម្រេចចំនួន២ដង ដើម្បីរឹបអូសជាបណ្តោះអាសន្ននូវអចលនទ្រព្យ២កន្លែងរបស់ លោកស្រី ហ៊ុន ណារី។ ដីកាសម្រេចរឹបអូសបណ្តោះអាសន្នដែលចេញដោយ លោក កោ វណ្ឌី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ បានសម្រេចរឹបអូសនូវដីទំហំទទឹង១៥ម៉ែត្រ បណ្តោយ៣០ម៉ែត្រ នៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (បច្ចុប្បន្នស្ថិតនៅប្លុកA របស់គម្រោងអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារ) និងផ្ទះលេខ១០៧B ផ្លូវលេខ៣៥៧ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ របស់លោកស្រី ហ៊ុន ណារី ជាបណ្តោះអាសន្ន ហើយបង្គាប់ថា ដើម្បីទទួលបានការលុបចោល នូវការរឹបអូសអចលនវត្ថុខាងលើ លោកស្រី ហ៊ុន ណារី ត្រូវផ្ញើប្រាក់រំដោះនៅសាលាដំបូងរាជធានីភ្នំពេញចំនួន ៩០.០០០ដុល្លារអាមេរិក។ ដោយឡែកសេចក្តីសម្រេចមួយទៀតរបស់លោក ម៉ុង មុនីសោភា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ក៏បានសម្រេចតាមដីកាសម្រេចរបស់លោក កោ វណ្ឌី ហើយច្រានចោលនូវការតវ៉ារបស់ លោកស្រី ហ៊ុន ណារី ផងដែរ ។
លោក ម៉ុង មុនីសោភា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ចំពោះរឿងនេះភាគី អ្នកលក់ដីហាក់ចង់ប្រែក្រឡាស់ដោយមិនចង់លក់ដីទៅឱ្យអ្នកទិញវិញ ចំណែកអ្នកទិញគាត់នៅតែចង់ទិញ ដូច្នេះទើបការតំកល់ប្រាក់ ត្រូវធ្វើឡើងគុណនឹងពីរ នៃប្រាក់កក់ទៅតាមកិច្ចសន្យា ដូច្នេះហើយទើបលោកចេញដីការឹបអូសដើម្បី ធានាផលប្រយោជន៍ជូនដើមបណ្តឹងតែម្តង។
លោកថា «ឥឡូវនេះអ្នកទិញគេចាំតែទិញទេ ប៉ុន្តែហេតុអ្វីយើងមិនលក់ឱ្យគេ...តាមខ្ញុំផ្សះផ្សារថ្ងៃមុន អ្នកទិញគាត់នៅតែទិញដដែលទេ ចំណែកអ្នកលក់ទេដែលគាត់មិនព្រមលក់ អញ្ចឹងនៅក្នុងកិច្ចសន្យានោះប្រាក់ពិន័យគឺគុណនឹង២ ក្នុងករណីដែលភាគី(ក)មិនព្រមលក់ឱ្យវិញ យើងត្រូវបង់ប្រាក់ពិន័យនិងប្រាក់កក់គុណនឹង២»។
លោកបន្តថា ថ្ងៃមុន(ភាគីអ្នកលក់) បាននិយាយហើយថា «គាត់មិនព្រមលក់ទេ ហើយមេធាវីរបស់គាត់ថា បើលក់គិតតម្លៃផ្សេង អញ្ចឹងបងជួយពិនិត្យមើលនរណាខូច នរណាមិនខូច»។ លោក ម៉ុង មុនីសោភា បានអះអាងថា ការសម្រេចរបស់លោក គឺជាការសម្រេចដោយយោងលើភាពឯករាជ្យ មិនមានការគៀបសង្កត់ឬដាក់សំពាធពីភាគីខាងណានោះទេ។
អង្គភាព Fresh News នៅមិនអាចទំនាក់ទំនងទៅ លោក ឌិន ស៊ីវុទ្ធី ជាដើមបណ្តឹងបាននៅឡើយទេនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ ប៉ុន្តែបើតាមលោក ណាក ពុទ្ធា មេធាវីការពារក្តីឱ្យលោក ឌិន ស៊ីវុទ្ធី បានបញ្ជាក់ថា ចំពោះរឿងស្នើឱ្យបង្កក់ផ្ទះរបស់លោកស្រី ហ៊ុន ណារី បន្ថែមនេះគឺដើម្បីធានាបំណុលកូនក្តីរបស់លោក ហើយថានៅពេលណាដែលលោកស្រី ហ៊ុន ណារី ផ្តល់ប្រាក់គ្រប់ចំនួននោះ តុលាការនឹងលុបចោលសេចក្តីសម្រេចនេះ។
លោកថា «ការស្នើសុំគឺដើម្បីការពារផលប្រយោជន៍ដល់កូនក្តីរបស់ខ្ញុំ ទោះបីជាមិនមែនជាកម្មវត្ថុក៏ដោយ គឺដើម្បីធានាបំណុលឱ្យកូនក្តីរបស់ខ្ញុំ ហើយការស្នើសុំនេះទោះជារបស់ខ្ញុំ និងកូនក្តីខ្ញុំក៏ដោយ ប៉ុន្តែការសម្រេចនៅលើតុលាការទេ ហើយទោះបីមិនមែនជាកម្មវត្ថុ ប៉ុន្តែខ្ញុំធ្វើនេះដើម្បីធានាបំណុលទេ ករណីបើគាត់សងបំណុលមកកូនក្តីរបស់ខ្ញុំរួចគ្រប់ចំនួនហើយ តុលាការនឹងលុបចោលសេចក្តីសម្រេចនោះហើយ ប៉ុន្តែគាត់មិនព្រមសងទៅតាមកិច្ចសន្យា»។
ទោះជាយ៉ាងនេះក្តី ភាគីលោកស្រី ហ៊ុន ណារី នៅតែអះអាងថា ភាគីដើមចោទមានចេតនាក្នុងការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបង្កផលវិបាកដល់ លោកស្រីមិនលក់ឬជួលផ្ទះរបស់លោកស្រីមួយទៀត នៅខណ្ឌច្បារអំពៅ ដែលមិនស្ថិតនៅក្នុងកម្មវត្ថុទំនាស់អ្វីឡើយ។ លោកស្រីថា បើសិនជាការ សម្រេចមានយុត្តិធម៌ ម្ល៉េះតុលាការគួរតែ បង្កក់ត្រឹមដី៥៤០ម៉ែត្រការ៉េ ដែលមានទំនាស់ប៉ុណ្ណោះ ដោយសារដីនោះមានតម្លៃរហូតដល់ ជាង២២ម៉ឺនដុល្លារ (នៅក្នុងកិច្ចសន្យា) ហើយដើមបណ្តឹងទើបតែបង់លុយឱ្យលោកស្រីត្រឹម ៤៥០០០ដុល្លារប៉ុណ្ណោះ។ លោកស្រីថា ផ្ទះដែលតុលាការបង្កក់លើសនៅខណ្ឌច្បារអំពៅនោះ មានតម្លៃរហូតដល់ ជាង១លានដុល្លារអាមេរិកឯណោះ៕