(ឧត្តរមានជ័យ)៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងអំពាវនាវឱ្យពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ជាពិសេសប្រជាពលរដ្ឋ រស់នៅស្រុកត្រពាំងប្រាសាទ សូមកុំមានការព្រួយបារម្ភឱ្យសោះពីករណីបុរសម្នាក់ដែលបានរកឃើញមានផ្ទុកជំងឺកូវីដ១៩ ព្រោះជាករណីនាំចូលមកពីក្រៅប្រទេស មិនមែនកើតនៅក្នុងស្រុកនោះទេ។
លោកប្រធានមន្ទីរបានថ្លែងបន្តទៀតថា បន្ទាប់ពីក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងស្តីពី ការរកឃើញបុរសខ្មែរចំនួន២៦នាក់ ដែលទើបត្រឡប់មកពីក្រៅ ប្រទេសមានផ្ទុកជំងឺកូវីដ១៩ ក្នុងនោះមានបុរសម្នាក់អាយុ២៦ឆ្នាំ នៅស្រុកត្រពាំងប្រាសាទផងនោះធ្វើឱ្យអ្នកខ្លះបំប៉ោងព័ត៍មានថា នៅស្រុកត្រពាំងប្រាសាទមានអ្នក កើតជំងឺកូវីដ១៩ទៅវិញ។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានថ្លែងបញ្ជាក់នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះថា ដោយអនុវត្តតាមការណែនាំពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោកបានធ្វើការអំពាវនាវដល់លោក លោកស្រី ប្រធានការិយាលយ័ស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យ ប្រធានមណ្ឌល សុខភាព និងសមាជិកមន្ត្រីសុខាភិបាលទាំងអស់ត្រូវផ្សព្វផ្សាយ និងទប់ស្កាត់នូវករណីដែលមិនច្បាស់លាស់ ស្តីពីបុរសម្នាក់នៅស្រុកត្រពាំង ប្រាសាទមានផ្ទុកជំងឺកូវីដ ១៩។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានបញ្ជាក់ទៀតថា បុរសម្នាក់ដែលកើតជំងឺកូវីដ១៩ នៅស្រុកត្រពាំងប្រាសាទ គឺជាអ្នកដែលធ្វើដំណើរមកពីក្រៅប្រទេសតាមជើង យន្តហោះកាលពីម្សិលម៉ិញ ហើយគាត់ត្រូវបានគេដាក់ដោយឡែក និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញឯណោះ ដូចនេះហើយគាត់មិនមែនកើតជំងឺ កូវីដ១៩ នៅក្នុងភូមិឫក្នុងមូលដ្ឋានទេ សូមបងប្អូនប្រជាពលរដ្ឋនៅស្រុកត្រពាំងប្រាសាទ កុំមានការព្រួយបារម្ភឱ្យសោះ។
ជាមួយគ្នានោះដែរលោក ឃ្លោក ហួត ក៍បានធ្វើការណែនាំឱ្យបងប្អូនប្រជាពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្នជានិច្ច ការពារខ្លួននិងសមជិកគ្រួសារកុំឱ្យកើតជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺត្រូវលាងសម្អាតដៃដោយសាប៊ូ ឫទឹកអាល់កុល និងត្រូវពាក់ម៉ាស់ការពារជានិច្ច ពេលស្ថិតក្នុងទីប្រជុំជន៕