(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ប្រជាពលរដ្ឋ ជាពិសេសប្រិយមិត្តធ្លាប់ស្តាប់ និងបានទស្សនាបទចម្រៀង មានចំណងជើងថា «កណ្តៀវអូនស្រួយ» សូមកុំបន្ទោសអ្នកច្រៀងបទមួយនេះ គួរតែបន្ទោសអ្នកនិពន្ធវិញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះគឺក្នុងឱកាសដែលសម្តេចអញ្ជើញពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយកសិករ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កុំបន្ទោសអ្នកច្រៀងបទ «កណ្តៀវអូនស្រួយ» ព្រោះច្រៀងតាមការនិពន្ធ តែត្រូវបន្ទោសអ្នកនិពន្ធ ហេតុអ្វីចង្រៃម្ល៉េះ?

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «និយាយពីរឿងច្រូតនឹងកណ្តៀវ! វាមានចម្រៀងមួយបទ «កណ្តៀវអូនស្រួយ» ស្រាប់តែក្រសួងវប្បធម៌ ប្រកាសព្រមានឲ្យឈប់ចាក់..! អាហ្នឹង កាលពីអត់ទាន់មានក្រសួងវប្បធម៌ហាម អត់មានបង្ហោះតាមយូធូបផង ស្រាប់ដល់ពេលហាម បង្ហោះតាមយូធូប ម៉ែអ្ហើយ... «កណ្តៀវអូនស្រួយ» រួចហើយដល់អាវគ្គណាមួយនោះ កណ្តាប់អូនមួយ... វាលេងចឹងៗ អូយ...! អ្នកនិពន្ធអ្ហើយ ប៉ុន្តែកុំបន្ទោសអ្នកចម្រៀងអី ព្រោះគ្នាអ្នកចម្រៀង ចេះតែច្រៀងទៅ ប៉ុន្តែសំខាន់អាអ្នកនិពន្ធ អីក៏វាចង្រៃម៉្លេះអារឿងនឹង»

ជាការកត់សម្គាល់ បទ «កណ្តៀវអូនស្រួយ» ត្រូវបានបញ្ចេញ កាលពីថ្ងៃទី០៩ ខែមិថុនា។ គ្រាន់តែបញ្ចេញមិនទាន់បានចំអិនកំពិសផងស្រាប់តែ មហាជនខ្មែរ និងអ្នកលេងបណ្តាញសង្គមផ្ទុះប្រតិកម្មគ្រប់គ្នា ព្រោះបទនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ខ្មែរ។ ទាំងចំណងជើង និង Melody ទាំងស្រុងក្នុងចម្រៀងមួយបទនេះ គឺបានបង្កប់អត្ថន័យ វិលទៅវិលមក ទៅណាមិនឆ្ងាញពីរឿងអាសអាភាសឡើយ។

ក្រោយរងការរិះគន់យ៉ាងចាស់ដៃបែបនេះ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោះហៅអ្នកនិពន្ធ និងម្ចាស់បទចម្រៀង «កណ្តៀវអូនស្រួយ» មកប្រជុំជាបន្ទាន់ និងធ្វើការព្រមានកាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះរួចមក រហូតមកទល់នឹងពេលនេះ គឺទទួលបានលទ្ធផលជាផ្លែផ្កាហើយ ដោយទាំងអ្នកនិពន្ធ និងអ្នកចម្រៀង ព្រមទទួលស្គាល់កំហុសរបស់ខ្លួន និងសន្យាថា នឹងប្រើប្រាស់ចំណេះដឹងឲ្យមានសីលធម៌ និងជាប្រយោជន៍ដល់សង្គម ឈប់និពន្ធបទដែលបង្កប់ន័យ អសុរសបែបនេះទៀតហើយ៕

\