Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលក្រុងស្វាយរៀង ជំរុញលើកទឹកចិត្តប្រជាពលរដ្ឋ ឲ្យដាំដំណាំរួមផ្សំនិងចិញ្ចឹមសត្វ ក្នុងអំឡុងពេលកូវីដ១៩

21-07-2020 14:54

(ស្វាយរៀង)៖ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានជំរុញដល់ប្រជាកសិករ ត្រូវបង្កើនការដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ក្នុងអំឡុងពេលកូវីដ១៩ រាលដាលក្នុងពិភពលោក និងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

លោក ណុប ចំរើន បានថ្លែងជំរុញបែបនេះ នៅគ្រាដែលចុះពិនិត្យ សំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាកសិករ នៅភូមិទទា សង្កាត់ចេក និងភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ។

ក្នុងដំណើរ ចុះសួរសុខទុក្ខប្រជាកសិករនេះ ក៏មានការចូលរួមពីលោក នាយករងរដ្ឋបាលសាលាក្រុង លោក អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោកអនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងមន្ត្រីសាលាក្រុង លោកមេភូមិទទា សង្កាត់ចេក។

អភិបាលក្រុងស្វាយរៀង បានថ្លែងគាំទ្រ និងកោតសរសើរ ពីកិច្ចខិតខំយកចិត្តទុកដាក់ ប្រកបរបរកសិកម្មនេះ ជាពិសេសសូមជំរុញលើកទឹកចិត្ត បងប្អូនប្រជាកសិករ ក្នុងការដាំដុះដំណាំគ្រប់មុខ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់លើទីផ្សារ ក្នុងស្រុក និងការចងជាសហគមន៍ ធ្វើការនាំចេញទៅលក់នៅផ្សារទំនើប ជាការរួមចំណែកកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

លោកអភិបាលក្រុង បានបញ្ជាក់ថា ពលរដ្ឋទាំងអស់ ត្រូវចេះការពារខ្លួន ឲ្យបានខ្ជាប់ខ្ជួនដោយធ្វើអនាម័យលាងដៃ នឹងសាប៊ូ ជែលអាកុល ដើម្បីចៀសផុតពីជំងឺកូវីដ១៩ បើពុំមានការចាំបាច់ទេ កុំធ្វើដំណើទៅទីឆ្ងាយ ជាពិសេសនៅរដូវវស្សានេះ ការពារក្មេងតូចៗ កុំឲ្យមូសខ្លាខាំ នាំឲ្យឆ្លងឆ្លងជំងឺគ្រុនឈាមនឹងត្រូវមើលថែក្មេងៗ កុំឲ្យលេងទឹកដែលនាំ ឲ្យគ្រោះថ្នាក់កើតឡើងជាយថាហេតុមួយវិញទៀត ត្រូវរួសរាន់ ក្នុងការបង្កបង្កើនផលស្រូវរដូវវស្សា ឲ្យបានទាន់ពេលវេលា ហើយត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ រកកន្លែងដែលមានសុវត្ថិភាព ដើម្បីការពារខ្លួនកុំឲ្យកើតមានគ្រោះថ្នាក់ផ្សេងៗ៕