(តាកែវ)៖ ថ្លែងចេញពីទឹកដីខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ហើយនៅពេលឈប់សម្រាក៥ថ្ងៃ ដើម្បីសងចូលឆ្នាំខាងមុខនេះ គួរចៀសវាងការប្រមូលផ្តុំគ្នា ខណៈទ្រង់ទ្រាយធំ។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យការធ្វើស្រែ ព្រមទាំងសំណេះសំណាល ជាមួយប្រជាកសិករ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបន្ដការអំពាវនាវ សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ប្រុងប្រយ័ត្នជាមួយនឹងកូវីដ-១៩ ឥលូវនឹងពាក់ម៉ាស កាន់តែតិចទៅៗ មានការធ្វេសប្រហែស [...] នៅពេលចូលឆ្នាំនេះ ច្បាស់ណាស់ប្រជាពលរដ្ឋ និងធ្វើដំណើរដើរលេង ក៏ប៉ុន្ដែបើចៀសវាង ការប្រមូលផ្ដុំទ្រង់ទ្រាយធំបាន កាន់តែជាការល្អ ដើម្បីជៀសវាងការរីករាលដាល នៃជំងឺកូវីដ-១៩»។
សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា នៅប្រទេសកម្ពុជាយើងនេះ សូមកុំយល់ច្រលំ ចេះតែនាំគ្នាឃោសនាថា កម្ពុជាក្ដៅចឹងកូវីដ-១៩ វាងាប់ មិនមែនចឹងទេ កុំយល់ច្រឡំថា ជនបទខ្មែរ មិនមែនកូវីដ-១៩។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់ពលរដ្ឋ ឲ្យខិតខំប្រើម៉ាសនៅពេលចាំបាច់ ដើម្បីការពារការឆ្លងកូវីដ១៩។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសខ្លះ កំពុងតែចាប់ផ្ដើមបើកបិទបើកបិទ ប៉ុន្ដែកម្ពុជាយើង បើកតាមដំណាក់ៗ ដើម្បីធានាសុវត្ថិភាពពីជំងឺកូវីដ-១៩។ សម្ដេចតេជោ បានថ្លែងថា យើងមិនត្រូវ ឲ្យប្រជាជនណាម្នាក់ ស្លាប់ដោយសារកូវីដ-១៩ និងមិនទុកឲ្យប្រជាជនណាម្នាក់ ស្លាប់ដោយអត់បាយនោះដែរ។
គូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានចេញអនុក្រឹត្យ ស្តីពីការអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកការងារ ចាប់ពីថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងថ្ងៃឈប់សម្រាកការងារ របស់មន្ត្រី រាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក។
គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់ នៅទូទាំងប្រទេសកម្ពុជា សរុបចំនួន១៩៧នាក់ (ស្ត្រី៤៣នាក់ និងបុរស១៥៤នាក់) ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន១៤០នាក់ (ស្រី៣៩នាក់ និងបុរស១០១នាក់)។
ខណៈអ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៥៥នាក់៖ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០៧នាក់ (ស្ត្រី ០១នាក់ និងបុរស ០៦ នាក់), នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ សរុបចំនួន៤៨នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់។ ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា៖ ជាស្ត្រីជន ជាតិអាមេរិកកាំង០២នាក់៕
\