(កណ្ដាល)៖ ព្រះចៅអធិការវត្តចតុម្មុខារ៉ាម ហៅវត្តចុងព្រែក កែវ បូរិទ្ធិ និងគណកម្មាការអាចារ្យវត្ត នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះបានរៀបចំពិធីចែកអំណោយ មនុស្សធម៌ដល់ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាកចំនួន ៣១គ្រួសារ មកពីភូមិស្ពានថ្មីត្រើយខាងលិច និងត្រើយខាងកើត ភូមិព្រែកជ្រៅ ភូមិពោធិរលំ និងភូមិដើមជ្រៃ ស្ថិតនៅក្នុងឃុំរកាកោងទី២ ស្រុក មុខកំពូល ខេត្តកណ្ដាល។
ពិធីនេះដែលបានធ្វើឡើងនៅវត្តចតុម្មុខារ៉ាម ស្ថិតនៅក្នុងភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន តំណាងលោកមេឃុំរកាកោងទី២ លោកមេភូមិទាំងបួនក្នុងឃុំរកាកោងទី២ រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
តំណាងលោក ប៉ូច លីស៊្រុន មេឃុំរកាកោងទី២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះចៅអធិការវត្តចតុម្មុខារ៉ាម ហៅវត្តចុងព្រែក កែវ បូរិទ្ធិ និងគណកម្មការ អាចារ្យវត្ត ដែលបានធ្វើជាអំណោយមនុស្សធម៌ជូនដល់បងប្អូនក្រីក្រចំនួន៣១គ្រួសារ មកពី០៤ភូមិ ក្នុងឃុំរកាកោងទី២ ដែលអំណោយទាំងនេះក៏បានចូលរួម កាត់បន្ថយ នូវភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយរយៈពេលផងដែរ។
ព្រះចៅអធិការវត្តចតុម្មុខារ៉ាម កែវ បូរិទ្ធិ បានមានសង្ឃដីការថា ពិធីចែកអំណោយនេះគឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងសង្គម ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ព្រះចៅអធិការវត្តចតុម្មុខារ៉ាម ក៏មានសង្ឃដីការជំរុញទៅកាន់បងប្អូនពុទ្ធបរិស័ទ្ធទាំង៣១គ្រួសារ ត្រូវបង្ករបង្កើនផលដាំដំណាំបន្លែបង្កានៅជុំវិញផ្ទះទុកសំរាប់យក ទៅលក់នៅតាមទីផ្សារនានា ដើម្បីជួយលើកស្ទួយជីវភាពរបស់ខ្លួនបន្ថែម ក៏ដូចជាជួយលើកស្ទួយកសិផលធម្មជាតិក្នុងប្រទេសជាតិផងដែរ។
ព្រះចៅអធិការវត្តចតុម្មុខារ៉ាម កែវ បូរិទ្ធិ ក៏បានក្រើនរំលឹកដល់បងប្អូនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ថែរក្សាការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួង សុខាភិបាលដើម្បីបានចៀសផុតពីជំងឺកូវីដ១៩ ដោយត្រូវលាងដៃនឹងសាប៊ូ ឫទឹកអាល់កុលឱ្យបានជាប់ជាប្រចាំ, ត្រូវពាក់ម៉ាស់ឱ្យបានជាប្រចាំ, ត្រូវរក្សាអនាម័យល្អ ផឹកស្អាត ហូបស្អាត, មិនត្រូវនៅជិតគ្នា ប៉ះពាល់គ្នានិងជួបជុំគ្នាច្រើនទេ ហើយបើគ្មានការចាំបាច់មិនត្រូវចេញទៅក្រៅផ្ទះនោះទេ។
សូមបញ្ជាក់ថា ពលរដ្ឋក្រីក្រចំនួន៣១គ្រួសារ ដែលបានទទួលអំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម ទឹកត្រី ១យួ និងថវិកា ៥០,០០០ម៉ឺននរៀល៕